(សៀមរាប)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អញ្ជើញចូលរួមក្នុងពិធីសែនក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងការបើកការដ្ឋានសាងសង់ និងរៀបចំទីតាំង ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៧ ដែលនឹងចូលមកដល់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ។
ពិធីនេះ ក៏មានការចូលរូមពី ថ្នាក់ដឹកនាំអាជ្ញាធរអប្សារា មន្រ្តីរាជការ សិស្សនិងនិស្សិត ប្រមាណ៣០០នាក់ផងដែរ។
ពិធីនេះ បានប្រារព្ធឡើងតាមបែបព្រហ្មញសាសនា ដោយមានការរៀបចំសែនតាមបែបបុរាណ និងតាមគន្លងប្រពៃណីទំនៀមទម្លាប់ ជំនឿ សាសនារបស់ខ្មែរ ក្នុងបុព្វហេតុបួងសួងសុំសេចក្តីសុខក្នុង ព្រឹត្តិការណ៍ទាំងមូលផង និងដើម្បីជាលំអាន សម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតក ឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។
បន្ទាប់ពីពិធីក្រុងពាលីនេះ ក្រុមការងាររៀបចំអង្គរសង្រ្កាន្តឆ្នាំ២០១៧ នឹងចាប់ផ្តើមរៀបចំរាល់សកម្មភាពផ្សេងៗ ហើយក្រុមយុវជន នឹងចូលរួមហ្វឹកហាត់សិល្បៈ ហាត់សមលេងល្បែងប្រជាប្រិយ ដើម្បីត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៧ នាពេលខាងមុខឲ្យបានជោគជ័យ។
គួររំលឹកថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានរៀបចំឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ព្រឹត្តិការណ៍នេះជាឱកាសដែលយុវជន និងប្រជាពលរដ្ឋកម្ពុជាប្រុសស្រី បានជួបជុំគ្នា ក្នុងនាមជាមហាគ្រួសារខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ក្នុងថ្ងៃសម្រាកពីការងារ។
ព្រឹត្តិការណ៍នេះ បានក្លាយទៅជាវេទិកា ចែករំលែកបទពិសោធន៍ របស់មនុស្សជំនាន់មុន និងយុវជនជំនាន់ក្រោយ ហើយក៏បានក្លាយទៅជាយន្តការអភិរក្ស និងអភិវឌ្ឍវប្បធម៌ ប្រពៃណីខ្មែរផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ការចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ» ក្នុងគោលបំណង់បន្តផ្តល់ភាពសប្បាយរីករាយ ក៏ដូចជាបន្តបង្ហាញ ផ្សព្វផ្សាយពីទស្សនីយភាពសិល្បៈ វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា ដីល្បីល្បាញ រុងរឿងរបស់ខ្មែរពីបុរាណកាល មកជូនភ្ញៀវជាតិ និងអន្តរជាតិ ឲ្យបានស្គាល់កាន់តែច្បាស់ និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាខេត្តសៀមរាបបន្ថែមទៀត៕