(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ចំនួន៣,៦៦០នាក់ បានទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពី សំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
សកម្មភាពមនុស្សធម៌នេះ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណា ប្រធានប្រតិបត្តិ តំណាងលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លោក វ៉ឺ សំណាង អភិបាលខេត្ត និងមានការចូលរួមពីអាជ្ញាធរ ខេត្ត ស្រុក ក្រុមការរងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្រុមហ៊ុន យុវជន និងប្រជាពលរដ្ឋជាច្រើននាក់។
លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណា បានលើកឡើងថា ការចុះព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាពេលនេះ គឺជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានស្នើឲ្យ សមាគមបានចុះធ្វើសកម្មភាពពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេស។
លោកបញ្ជាក់ថា គិតមកដល់ពេលនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានព្យាបាលជំងឺ ជូនប្រជាពលរដ្ឋទាំង២៥រាជធានី-ខេត្ត សរុបជាង១៧ម៉ឺននាក់។
ជាមួយគ្នានោះ លោក វីុ សំណាង ក្នុងនាមអជ្ញាធរខេត្ត និងប្រជាពលរដ្ឋ មានសេចក្តីសោមមនស្សរីករាយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅក្នុង ស្រុកគងពិសី នាពេលនេះ។
ជាមួយគ្នានោះ លោកក៏បានសូមថ្លែងអំណរគុណសកម្មភាពមនុស្សធម៌ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានចុះធ្វើសកម្មភាពពិនិត្យ-ព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ស្ពឺនេះ។
ប្រជាពលរដ្ឋដែលបានទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ បានបង្ហាញអារម្មណ៍រីករាយដែល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ដល់ភូមិ-ឃុំ គាត់ផ្ទាល់។
តាមរបាយការណ៍របស់គ្រូពេទ្យ បានឲ្យដឹងថា ការពិនិត្យ និងព្យាបាលជូន ប្រជាពលរដ្ឋឥតគិតថ្លៃនៅក្នុងខេត្តកកំពង់ស្ពឺ គឺបានពិនិត្យ ព្យាបាលជំងឺទូទៅបានចំនួន២,៧៤៤នាក់ ពិនិត្យនិងព្យាបាលត្រចៀក ច្រមុះ បំពង់-ក បានចំនួន៧៤នាក់, ពិនិត្យស្ត្រី ដែលមានផ្ទៃពោះ និងព្យាបាលរោគស្រ្តី បានចំនួន២២២នាក់, វះកាត់តូចបានចំនួន៤៤នាក់, ព្យាបាលជំងឺមាត់ធ្មេញបានចំនួន២២៤នាក់, ពិនិត្យភ្នែកបានចំនួន២១៥នាក់, បញ្ជូនអ្នកជំងឺមកព្យាបាលបន្តចំនួន១៤នាក់, ព្យាបាលឬសដូងបាតចំនួន៣០នាក់, អេកូបេះដូង៥នាក់, ចាក់សន្លាក់ចំនួន១៤នាក់ សរុបទាំងអស់ចំនួន៣៦៦០នាក់៕