(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបំបែកសំបុកចោរគាស់ទម្លុះទម្លាយមួយក្រុម ដោយចាប់បានជនសង្ស័យ៥នាក់ជាបន្ដបន្ទាប់ និងដកហូតបានវត្ថុតាង សម្ភារៈពាក់ព័ន្ធមួយចំនួនធំ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីចោរកម្ម (គាស់ទម្លុះទម្លាយ) មួយកើតឡើង បង្កឡើងដោយជនសង្ស័យចំនួនមួយក្រុម បន្ទាប់ពីទទួលបានបណ្តឹងរាយការណ៍ កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះធ្វើការបង្ក្រាបជាបន្ទាន់ និងធ្វើការឃាត់បានជនសង្ស័យបានម្នាក់ ឈ្មោះ ម៉េង ឈាង ហៅវ៉ាង អាយុ២៦ឆ្នាំ (មានដីការចាប់ខ្លួន ពីបទចោរកម្ម)។
លោកស្នងការរង បញ្ជាក់ថា តាមការស្រាវជ្រាវ និងចម្លើយសារភាពរបសជនសង្ស័យ បានឲ្យដឹងថា បក្ខពួករបស់គេមានចំនួន៤នាក់ បានចូលរួមធ្វើសកម្មភាពចោរកម្ម គាស់ទម្លុះទម្លាយ នៅក្រុងព្រះសីហនុជាញឹកញាប់រួមមានឈ្មោះ៖
ទី១៖ ឈ្មោះ ជូវ សំណាង ហៅខ្នាង អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់
ទី២៖ ឈ្មោះ លី សុភ័ក្រ្ត ហៅតួ អាយុ១៨ឆ្នាំ មុខរបរ រត់តុការ មានទីលំនៅ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់
ទី៣៖ ឈ្មោះ ជូវ ឌីណា អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់
ទី៤៖ ឈ្មោះ សុខ ចំរើន ហៅដូច អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់។
បើតាមលោកឧត្តមសេនីយ៍ត្រី កុល ផាលី បន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ម៉េង ឈាង ហៅវ៉ាង កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានធ្វើការសហការជាមួយកម្លាំងអធិការនគរបាលស្រុកព្រៃនប់ស្រាវជ្រាវ ស៊ើបអង្កេត រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ បានធ្វើការបង្ក្រាប និងចាប់បានបក្ខពួករបស់ឈ្មោះ ម៉េង ឈាង ហៅវ៉ាង ដូចមានឈ្មោះខាងលើ។
ក្រោយប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញ ដកហូតបាន៖ ម៉ូតូ៦គ្រឿង, សោរសម្រាប់កាច់បំបែកសោរកម៉ូតូ ១ឈុត, ដង្កាប់អូតូម៉ាទិច១ និងដង្កាប់កាត់ដែក១ ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនូនទៀត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕