(រតនគិរី)៖ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី និងអាវុធហត្ថស្រុកលំផាត់ សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ មន្ដ្រីបរិស្ថាន នគរបាលជំនាញ និងកម្លាំងយោធា បានចុះរឹបអូសឈើមូលប្រភេទលេខ២ ចំនួន៣០៨កំណាត់ នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដែលក្រុមឈ្មួញលាក់ទុក ក្នុងព្រៃសហគមន៍ ស្ថិតនៅភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់។
លោកវរសេនីយ៍ត្រី ឃី សុខា ប្រធានមន្ទីរបច្ចេកទេស និងសន្តិសុខ នៃទីបញ្ជាការអាវុធហត្ថខេត្ត បានឲ្យដឹងថា ដោយមានបទបញ្ជាពីលោក ថង សាវុន អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត ឲ្យបង្ក្រាបបទល្មើសព្រៃឈើ ជាក់ស្តែងឈើមូលប្រភេទលេខ២ ដែលក្រុមឈ្មួញលាក់ទុក ត្រូវបានកម្លាំងដែលចុះប្រតិបត្តិការរុករកឃើញនៅ៦កន្លែងផ្សេងគ្នា ដែលទី១៖ ត្រង់ចំណុចUTM(728186, 1483073) ឈើ៣៤កំណាត់, ទី២៖ (728240,1483073) ឈើ១៩កំណាត់, ទី៣៖ (728717,1482972) ឈើ៨៣កំណាត់, ទី៤៖ (728828,1483176) ឈើ៧១កំណាត់, ទី៥៖ (729944,1482843) ឈើ២០កំណាត់ និងចំណុចទី៦៖ (730492,1482590) ឈើ៨១កំណាត់។
លោកវរសេនីយ៍ត្រី បញ្ជាក់ថា បច្ចុប្បន្នវត្ថុតាងឈើមូលប្រភេទលេខ២ខាងលើនេះ ត្រូវបានកម្លាំងកំពុងការពារ នៅកន្លែងនៅឡើយ ហើយមិនទាន់ធ្វើការវាស់វែងនោះទេ រង់ចាំបទបញ្ជាថ្នាក់លើ៕