(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចម៉ែ បានយាងចាកចេញពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញវិញហើយ តាមជើងយន្ដហោះ។
សូមជំរាបថា នៅវេលាម៉ោង១៨៖២០នាទីល្ងាចថ្ងៃសៅរ៍ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ បានយាងសម្ពោធការចាក់បញ្ចាំងភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដែលផលិតដោយលោកស្រី Angelina Jolie នៅខេត្តសៀមរាប។ ខ្សែភាពយន្តនេះ និយាយអំពីរឿងរ៉ាវមួយចំនួនពាក់ព័ន្ធសម័យខ្មែរក្រហម។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង៩៖២០នាទីយប់ថ្ងៃសៅរ៍នេះ ការបញ្ចាំងខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដែលផលិតដោយលោកស្រី Angelina Jolie នៅខេត្តសៀមរាប ត្រូវបានបញ្ចប់ ហើយព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ បានយាងត្រឡប់ទៅកាន់ព្រះរាជដំណាក់នៅក្រុងសៀមរាបវិញ៕