(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា (គ.ក.ប) បានជំរុញស្មារតីកីឡាដល់មន្រ្តីរាជការថា ការប្រកួតកីឡា គឺជាមិនត្រឹមតែដើម្បីសុខភាពរឹងមាំទេ តែក៏ដើម្បីបង្កើនទំនាក់ទំនង មិត្តភាព និងសាមគ្គីភាពរវាងមន្រ្តី និងមន្រ្តីក្នុងអង្គភាពតែមួយ និងជាមួយមន្រ្តីនៃអង្គភាពដទៃទៀតដែរ។
ថ្លែងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ឆ្នាំ២០១៧» នៅមជ្ឈមណ្ឌលកីឡា Real Soccer នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោករដ្ឋមន្រ្តី បានឲ្យដឹងថា «ការប្រកួតកីឡានាពេលនេះ ក្នុងគោលបំណងបង្កើនសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសដើម្បីបំផុសស្មារតីស្រឡាញ់ ចូលចិត្ត និងលេងកីឡាដើម្បីសុខភាព»។
ចំពោះកីឡាករ ដែលចូលរួមក្នុងការប្រកួតនេះ មានចំនួន ៤៨០នាក់ ប្រតិភូ៤៨នាក់ សរុប៥២៨នាក់ ក្នុងចំណោម ១៦ក្រុម និងមានចំនួន ៦៤ប្រកួត។
លោករដ្ឋមន្រ្តីបានបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំបង្កើត នូវព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់ «ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តី និងជាប្រធាន គ.ក.ប» ចំនួន២លើក, ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់ «មិត្តភាពយុវជនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ចំនួន២លើក និងបានចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតដណ្តើមពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» ចំនួន៤លើក ដោយលើកទី៤នេះ ត្រូវបានរៀបចំឡើង នៅឆ្នាំ២០១៦ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងទទួលចំណាត់ថ្នាក់លេខ១ផងដែរ៕
លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបន្ថែមថា ការប្រកួតកីឡាបាល់ទាត់ មានសារៈសំខាន់ណាស់ វាជាឧបករណ៍វាស់កម្រិតបច្ចេកទេស របស់ក្រុមនីមួយៗ ប្រកបដោយសមត្ថភាព និងទេពកោសល្យគ្រប់គ្រាន់ ដើម្បីក្លាយជាកីឡាករតំណាងក្រសួង ចូលរួមប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ផ្សេងៗ ជាពិសេសជាងនេះទៀត គឺបង្កើនការទំនាក់ទំនង មិត្តភាព និងសាមគ្គីភាព រវាងមន្រ្តី និងមន្រ្តីក្នុងអង្គភាពតែ ក៏ដូចជា មន្រ្តីដែលមិនបានធ្វើការក្នុងអង្គភាពតែមួយ ជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងសហជីព ឲ្យមានការប្រាស្រ័យទាក់ទងគ្នាបានកាន់តែល្អ៕