(ភ្នំពេញ)៖​ បញ្ហាបំណុលខ្មែរ ដែលសហរដ្ឋអាមេរិកអះអាងថា កម្ពុជាជំពាក់ជិត៥០០លានដុល្លារ ដែលប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកជាបំណុលកខ្វក់ ដោយសារជាបំណុលរដ្ឋាភិបាលសម័យសេនាប្រមុខ លន់ នល់ ជារដ្ឋាភិបាលមិន​ស្របច្បាប់​បានធ្វើ រដ្ឋប្រហារទម្លាក់សម្តេច នរោតម្ត សីហនុ ចេញពីអំណាច, ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មិនសប្បាយចិត្តឡើយ នៅពេល​និយាយដល់រឿងនេះ។ មិនសប្បាយចិត្តនៅត្រង់ថា អាមេរិកទម្លាក់គ្រាប់បែកសម្លាប់ ប្រជាជនកម្ពុជាហើយ ទារបំណុល​ពីកម្ពុជាទៀត ហើយបំណុលនោះទៀតសោធ ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺចាប់ពីជាង២០០លានដុល្លារ ឥឡូវឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា អះអាងថាបំណុលនោះ​កើនឡើងជិង៥០០លាន​ដុល្លារទៅហើយ។    

ពាក់ព័ន្ធបញ្ហាបំណុលនេះ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានស្នើឲ្យអាមេរិកក្លាហាន ចេញមុខទទួលខុសត្រូវ ចំពោះការសម្លាប់របស់ប្រជាពលរដ្ឋកម្ពុជា និងស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើតថ្ងៃរំលឹកខួប និងគោរពវិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋដែលស្លាប់ ដោយសារការទម្លាក់គ្រាប់បែក របស់អាមេរិកនេះ។

លោក សុភក្រ្ត មានវ័យ៣៣ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានថ្លែងថា «សម្រាប់ខ្ញុំ ខ្ញុំចង់ឲ្យរាជរដ្ឋាភិបាល យកថ្ងៃណាមួយធ្វើជាថ្ងៃរំលឹកខួប នៃការបាត់បង់ជីវិតពលរដ្ឋខ្មែរ ដោយសារការទម្លាក់គ្រាប់បែកនាសម័យនោះ ហើយធ្វើជារៀងរាល់ឆ្នាំ ដោយបំផុសជាតិនិយមឲ្យចង់ចាំ និងតកូនតចៅតទៅមុខ»។

លោក សុវណ្ណារ៉ា អាយុ៣៥ឆ្នាំ រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានលើកឡើងថា «ក្នុងនាមខ្ញុំជា​ពលរដ្ឋខ្មែរ មួយរូប ខ្ញុំមិនអាចទទួលយកបានទេ ចំពោះការទារទាមសំណងជិត៥០០លានដុល្លារ របស់សហរដ្ឋ​អាមេរិក​ពីកម្ពុជា។ ទាំងអាមេរិកខ្លួនឯង ជាអ្នកទម្លាក់គ្រាប់បែក សម្លាប់ខ្មែរ និងបន្សល់ទុកនូវក្តីឈឺចាប់ ខ្លោចផ្សា ជនពិការ និងគ្រាប់បែក​រាប់លានគ្រាប់ រួមមានគ្រាប់បែកចង្កោម និងគ្រាប់បែកគីមី បន្សល់ទុកនៅលើកទឹកខ្មែរ។ បើអាមេរិក​ចង់ឲ្យគេចាត់ទុកថា ខ្លួនឯងជាប្រទេសប្រជាធិបតេយ្យ និងមហាអំណាចពិភពលោក ត្រូវតែហ៊ានទទួល​ខុសត្រូវ​ចំពោះកម្ពុជា ដោយត្រូវលុប​បំណុល កខ្វក់នេះចោល ហើយត្រូវតែដោះគ្រាប់បែក​ដែលខ្លួនបានទម្លាក់ចេញពីទឹកដីកម្ពុជាឲ្យអស់»។

អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យដែលត្រូវបានឯកភាព​ដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ ​សម្លាប់ដោយផ្ទាល់និងកំទេចភូមិ និងផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង។

ប្រជាពលរដ្ឋ អ្នកនយោបាយ ក៏ដូចជាសមាគមជាច្រើន នៅកម្ពុជាបានសម្តែងការខឹងសម្បានឹងសហរដ្ឋអាមេរិក ដែលអះអាងថា មិនបានពិចារណា ចំពោះសំណើសុំលុបបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយ និងសមាគមនានា នៅតែទទូចទាមទារ ឱ្យសហរដ្ឋអាមេរិក យោគយល់និងពិចារណាឡើងវិញ។

លោកស្រី អេលីហ្សាបេត បេឃើ (Elizabeth Becker) ជាអ្នកកាសែត និងជាអ្នកនិពន្ធអាមេរិក រៀបរាប់​លម្អិត​អំពី​សង្រ្គាមអាមេរិក​​ទម្លាក់គ្រាប់បែក​នៅកម្ពុជាក្នុងឆ្នាំ១៩៧៣ បាននិយាយថា៖ «រដ្ឋាភិបាលអាមេរិកមិន ដែលទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះការ​ខូចខាតដ៏ធំធេង ដែលខ្លួនបានបង្កឡើងទៅលើជនស៊ីវិល និងប្រទេសកម្ពុជា​អំឡុងពេលសង្រ្គាម​នោះទេ»។

លោកស្រីបានថ្លែងបន្តថា «ការបន្តចាប់ឲ្យកម្ពុជាទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះបំណុលចាស់ ក្នុងសង្រ្គាមគឺជា​ការលាក់​ពុតត្បុត និងអសីលធម៌»។ ប្រសិនបើមានការសងបំណុលមែនលោកស្រី​ អេលីហ្សាបេត បេឃើ បានស្នើឲ្យ​សហរដ្ឋអាមេរិក​យកប្រាក់ទាំងនោះ ទៅចែកចាយដល់សហគមន៍នានា នៅក្នុងប្រទេសកម្ពុជា ដែលជីវិតរស់នៅ​របស់ពួកគាត់​បានរងផលប៉ះពាល់ ដោយសារការទម្លាក់គ្រាប់បែក។ លោកស្រីបានបន្តថា «សហរដ្ឋអាមេរិកជំពាក់ កម្ពុជាច្រើនជាង​បំណុលសង្គ្រាម​ឆ្ងាយណាស់ ដែលមិនអាចទូទាត់សងជាសាច់ប្រាក់បាននោះទេ»៕