(ព្រះវិហារ)៖ ប្រជាពលរដ្ឋក្មេងចាស់ប្រមាណ ជាង២០០នាក់ រស់នៅភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ យ៉ាងចិត្តទុកដាក់។
លោកវរសេនីយ៍ឯក ហែម ផល្លី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលបានដឹកនាំកម្លាំងក្រុមគ្រូពេទ្យខាងលើ បានឲ្យដឹងថា ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រុមគ្រូពេទ្យរបស់កងរាជអាវុធហត្ថខេត្ត ក៏បានចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
លោកវរសេនីយ៍ឯក បានបន្តថា ការចុះព្យាបាលជូនប្រជាពលរដ្ឋនេះ ធ្វើឡើងនៅក្នុងភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ដែលមានប្រជាពលរដ្ឋចាស់ក្មេងចូលរួមពិនិត្យសុខភាព និងព្យាបាលជំងឺ ជាង២០០នាក់។
លោកវរសេនីយ៍ឯក ហែម ផល្លី បានបន្ថែមថា «ភារកិច្ចរបស់កងរាជអាវុធហត្ថ មិនមែនមានភារកិច្ចត្រឹមតែរក្សាសន្តិសុខ បង្ក្រាបបទល្មើសនោះទេ តែថែមទាំងមានភារកិច្ចជាច្រើនទៀត ជាក់ស្តែងថ្ងៃនេះ កម្លាំងអាវុធហត្ថយើងបានចុះធ្វើការស្ម័គ្រចិត្ត ក្នុងនាមកិច្ចការមនុស្សធម៌ បម្រើប្រជាពលរដ្ឋ៕