(តាកែវ)៖ លោក ហ៊ុន ម៉ាណែត ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្រាបប្រាប់មន្រ្តីរាជការ អាជ្ញាធរ ក៏ដូចជាប្រជាពុទ្ធបរិស័ទ្ធឲ្យបានយល់ថា សកម្មភាពដែលរាជរដ្ឋាភិបាល ខិតខំអភិវឌ្ឍន៍ប្រទេស និងកសាងសមិទ្ធផលយ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋប្រើប្រាស គឺគង់តែពួកគាត់ផ្តល់តម្លៃ និងបន្តផ្ដល់ការគាំទ្រជាក់ជាមិនខាន។
ថ្លែងក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ដែលប្រារព្ធឡើងក្នុងវត្តបន្ទាយកោះជុំ ស្ថិតនៅភូមិបន្ទាយធ្លាយ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ហ៊ុន ម៉ាណែត បានបរិយាយពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាំងពីបាតដៃទទេរ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីពន្យល់ប្រាប់ប្រជាពុទ្ធបរិស័ទ្ធ ឲ្យបានយល់កាន់ច្បាស់។
លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា សមិទ្ធផលដែលបានកសាងមកដល់សព្វថ្ងៃនេះ គឺដោយសារស្ថិរភាព សុខសន្តិភាព។ ជាក់ស្តែងថ្ងៃនេះ ប្រជាពលរដ្ឋមានឱកាសចូលរួមកសាងសមិទ្ធផលនេះ និងសមិទ្ធផលថ្មីៗជាច្រើន នៅទូទាំងប្រទេស។ នេះហើយ គឺជាតម្លៃនៃសន្តិភាពដែលបានដោយមកលំបាក។
លោកបានបន្តថា អ្នកថាចាំតែថា ហើយអ្នកធ្វើគឺនៅតែធ្វើ ដើម្បីទៅដល់គោលដៅ ដើម្បីសម្រេចបានសមិទ្ធផល ដើម្បីបម្រើសេចក្តីត្រូវការបស់ប្រជាពលរដ្ឋ។ «យើងមិនអង្គុយរងចាំនោះទេ គឺយើងធ្វើខិតខំធ្វើ ទោះបានតិច បានច្រើន គឺប្រសើរជាងការមិនធ្វើអ្វីសោះ»។ នៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនា ការឈ្នះអំពើអាក្រក់ គឺការអំពើល្អឱ្យបានច្រើន។ ដូច្នេះ ការខិតខំអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផលជាច្រើន សម្រាប់ប្រជាពលរដ្ឋ គឺគង់តែប្រជាពលរដ្ឋគាំទ្រ និងផ្តល់តម្លៃ។
លោកបានថ្លែងអំណរ ចំពោះក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានចុះជាប់ផ្ទាល់ ជាមួយប្រជាជន ដោះស្រាយផ្ទាល់ជាមួយប្រជាជន ថ្លែងអំណរគុណ ចំពោះអាជ្ញាធរដែលបានជួយដឹកនាំ មើលការខុសត្រូវ អនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការបម្រើប្រជាពលរដ្ឋ សូមថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋដែលបានជួយចូលរួមអភិវឌ្ឍ ដល់ភូមិឃុំរបស់យើង ថ្លែងអំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំចែករំលែកបទពិសោធន៍ ចំណេះដឹង និងកសាងអនាគត ដល់សិស្សានុសិស្ស។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលកាត់ខ្សែបូរសម្ពោធសមិទ្ធផលថ្មីៗ ដែលបានកសាងឡើង ក្នុងវត្តបន្ទាយកោះជុំ ផងដែរ សម្រាប់បម្រើដល់ប្រជាពុទ្ធបរិស័ទ្ធគ្រប់រូប ហើយសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕