(ស្ទឹងត្រែង)៖ លោក ឯក ស៊ីផាន់ដន ប្រធានយោធាខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈនេះថា គ្រឿងចក្ររបស់កម្ពុជានៅតែបន្តធ្វើផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ បើទោះបីមានបញ្ហាប្រឈមដាក់គ្នារវាងយោធាខ្មែរ និងយោធាឡាវក៏ដោយ។
ប្រធានយោធាខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ដដែលរូបនោះបញ្ជាក់ថា ពិតជាមានការប្រឈមមុខដាក់គ្នាមែន រវាងកងកម្លាំងទាំង២ ប៉ុន្តែបញ្ហានេះត្រូវបាន ថ្នាក់ដឹកនាំខាងលើកំពុងធ្វើការដោះស្រាយជាមួយគ្នាហើយ។ លោកបញ្ជាក់ថា មូលហេតុដែលនាំឲ្យខាងភាគីឡាវមកទប់ស្កាត់គ្រឿងចក្ររបស់ភាគីកម្ពុជានោះ ទំនងដោយសារឡាវយល់ច្រឡំថាចំណុចនោះជារបស់គេ ប៉ុន្តែខាងយើងបានធ្វើផ្លូវយុទ្ធសាស្រ្តក្រវ៉ាត់ព្រំដែននេះ នៅក្នុងដីរបស់យើងប៉ុណ្ណោះ។
សូមជំរាបថា បើគិតទៅមានរយៈពេល១០ថ្ងៃមកហើយ ពោលចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃនេះ កម្លាំងយោធាកម្ពុជា និងកម្លាំងយោធាឡាវ បាននិងកំពុងប្រឈមមុខដាក់គ្នា ដោយពេលខ្លះប្រឈមគ្នាយ៉ាងខ្លាំងទៀតផង ប៉ុន្តែមិនទាន់ឈានដល់ការផ្ទុះអាវុធនោះឡើយ ពោលគ្រាន់តែមានបន្ថែម កម្លាំងទៅកាន់តំបន់ព្រំដែនរៀងៗខ្លួន ស្ថិតនៅចំណុចអូតាឡាវ ខេត្តស្ទឹងត្រែង។
ភាពតានតឹងរវាងកម្លាំងយោធាទាំង២ បានកើតឡើង និងបានអូសបន្លាយរហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ត្រូវបានមន្រ្តីយោធាកម្ពុជាអះអាងថា កងកម្លាំងវិស្វកម្មកម្ពុជា បានធ្វើផ្លូវយុទ្ធសាស្រ្តក្រវ៉ាត់ព្រំដែន នៅចំណុចអូតាឡាវខេត្តស្ទឹងត្រែង ហើយខាងយោធាឡាវចុះទៅរារាំង។
បើតាមព័ត៌មានមួយចំនួនពីសមត្ថកិច្ច នៅខេត្តស្ទឹងត្រែង បានឲ្យដឹងថា កម្លាំងទាហាន ខេត្តអាតតះពឺ របស់ឡាវ ជាច្រើននាក់បានកាន់អាវុធគ្រប់ដៃ ចូលមករារាំងការស្ថាបនាផ្លូវយុទ្ធសាស្រ្តតាមក្រវ៉ាត់ព្រំដែនរបស់កម្ពុជា នៅចំណុចអូតាឡាវ ក្នុងភូមិសាស្រ្តឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង តាំងពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ មកម្ល៉េះ។
សមត្ថកិច្ចបានបន្តបញ្ជាក់ថា ដោយសារតែខាងទាហានឡាវ ថែមកម្លាំងកាន់តែច្រើន ទើបខាងកម្លាំងប្រដាប់អាវុធការពារព្រំដែនរួមមាន៖ កម្លាំងទាហានការពារ ព្រំដែនលេខ១០១ កម្លាំងនគរបាលការពារព្រំដែនលេខ៧០១ និងកម្លាំងវិស្វកម្ម បានចុះទៅណែនាំដល់ទាហានឡាវ មិនឲ្យនាំអាវុធចូលមកក្នុងទឹកដីកម្ពុជា។ ប៉ុន្តែទាហានឡាវ មិនឯកភាពតាមការសំណូមរបស់យើងនោះទេ គេឆ្លើយថា គេធ្វើទៅតាមបទបញ្ជារបស់ថ្នាក់លើ។
ខាងកម្លាំងកងវិស្វកម្មស្នើសុំថ្នាក់លើកម្ពុជា ថែមកម្លាំងមកជាបន្ទាន់ដើម្បីបន្តស្ថាបនាផ្លូវតទៅទៀត ហើយបច្ចុប្បន្នខាងកម្លាំងកងវិស្វកម្ម បានស្ថាបនាផ្លូវ យុទ្ធសាស្រ្តក្រវ៉ាត់ព្រំដែន ពីចំណុចដុងក្រឡរ ក្រុងស្ទឹងត្រែង ដល់ចំណុចអូតាឡាវ ស្រុកសៀមប៉ាង បានប្រវែងដល់ទៅ១៥០គីឡូម៉ែត្រ និង៤០០ម៉ែត្រ។
លោក ឯក ស៊ីផាន់ដន បានបញ្ជាក់ថា «បញ្ហានេះ គឺខាងក្រសួងការបរទេស និងគណៈកម្មាការព្រំដែនជាអ្នកដោះស្រាយ»៕