(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះប្រជុំណែនាំការងារមួយចំនួន ដល់ក្រុមការងារថ្នាក់ស្រុក នៅស្រុកបារាយណ៍។
លោក ថោង ខុន បានណែនាំដល់ក្រុមការងារ គ្រប់លំដាប់ថ្នាក់ខិតខំជម្រុញការកសាងបក្ស និងត្រួតពិនិត្យការអនុវត្តគោលនយោបាយសំខាន់ៗ សម្រាប់អភិវឌ្ឍឃុំ-សង្កាត់ ឆ្នាំ២០១៧-២០២២ របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក្នុងនោះត្រូវពន្យល់បកស្រាយឲ្យបានច្បាស់លាស់ ពីស្ថាប័នមីក្រូហិរញ្ញវត្ថុដែលជារបស់ឯកជន មិនមែនជារបស់រដ្ឋ ហើយលោកបានណែនាំឲ្យរដ្ឋបាលស្រុក/ឃុំ ជួយការពារប្រជាជនក្រីក្រ ដែលជាអ្នកខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ។
បន្ថែមពីនេះ លោក ថោង ខុន បានជំរុញឲ្យក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនការផ្សព្វផ្សាយ និងត្រួតពិនិត្យការអនុវត្តន៍សារាចរ និងគោលការណ៍ថ្មីៗ ទាំងឡាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន ដូចជាការឥតគិតថ្លៃសេវាចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គោលនយោបាយបញ្ចុះតម្លៃអគ្គិសនី និងការតបណ្តាញអគ្គិសនី ដល់គ្រប់ភូមិដែលមានតម្លៃថោក ការលើកលែងការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ជ្រែង កញ្ជើ ល្អី និងការធានាឲ្យអាជីវករលក់ដូរ តាមផ្សារអាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃដោយមិនមានកំណត់អាណត្តិ៕