(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ រួមទាំង​បុគ្គលិក​របស់ក្រុមហ៊ុនកម្ពុជាតេលា និងមហានគរ មីក្រូហិរញ្ញវត្ថុ ភីអីលស៊ី និង River palace នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចូលរួមយុទ្ធនាការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ដ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ព្រមទាំងអ្នកជំងឺដែលត្រូវការឈាម​ក្រោមប្រធានបទ «​ផ្ដល់ឈាម ផ្ដល់សេចក្ដីស្រលាញ់» ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការ ការិយាល័យកណ្ដាល ក្រុមហ៊ុនកម្ពុជាតេលា។​

អគ្គនាយករង​ក្រុមហ៊ុនកម្ពុជាតេលា លោក ងួន ឡេង បានថ្លែងថា ថ្ងៃនេះ​លោក និងបុគ្គលិកទាំងអស់ មានសេចក្ដីរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ ជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺ ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ហើយនេះមិនមែន​ជាលើកទីមួយទេ ដែលក្រុមហ៊ុនរបស់លោក និងដៃគូសហការ បានចូលរួមបរិច្ចាគឈាមនោះ គឺច្រើនដង​កន្លងមកហើយ​ពិសេសកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំមុន ទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបុគ្គលទាំងអស់បានចូលរួមបរិច្ចាគជាងច្រើនរកនាក់ផងដែរ។​

លោកបន្ដថា «​ពិតណាស់ការផ្ដល់ឈាម មិនមានការប៉ះពាល់​ដល់សុខភាពនោះទេ ហើយថែមទាំងទទួលបាន សុខភាពល្អទៀតផង ពិសេសបានជួយសង្គ្រោះជីវិតមនុស្ស ឲ្យរួមផុតពីសេចក្ដីស្លាប់ ដូច្នេះ​ខ្ញុំក៏សូមអំពាវនាវ​ឲ្យប្រជាពលរដ្ឋ ចូលរួមយ៉ាងសកម្មក្នុងការផ្ដល់ឈាម ព្រោះគង់ថ្ងៃណាមួយ គ្រួសារអ្នក នឹងត្រូវការឈាម​ជាក់ជាមិនខាន ដោយហេតុនេះ ត្រូវជួយគ្នាក្នុងគ្រាមានអាសន្ន​» ​។​

លោកបន្ថែមថា «ហើយក្នុងនោះថ្ងៃនេះ ខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុនយើង និងដៃគូសហការ ទាំងពីរផងដែរ ដែលបានមកពីតាមបណ្ដាខេត្ដមកបរិច្ឆាគឈាម នៅការិយាល័យកណ្ដាាលយើង ហើយយើងទាំងអស់គ្នា នឹងរួបរួមគ្នាបន្ដទៀតដើម្បីផ្ដល់ឈាមដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមទាំងអស់ផងដែរ»

ទន្ទឹមនឹងនោះ លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានលើកឡើងថា លោកមានការរីករាយ​យ៉ាងខ្លាំង​នូវការចូលរួមបរិច្ចាគឈាម​ដោយស្ម័គ្រចិត្ដ ជួយសង្គ្រោះ​ជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់​របស់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់រួមទាំងបុគ្គលិកនៃក្រុមហ៊ុនកម្ពុជា​តេលា និង​មហានគរ មីក្រូហិរញ្ញវត្ថុ ភី​អី​ល​ស៊ី​និង River palace នៅថ្ងៃនេះ ។​

​លោក​បន្ដថា «​សព្វថ្ងៃនេះ ខ្ញុំ​បានសង្គេតឃើញថា ប្រជាពលរដ្ឋកម្ពុជាយើង មានការយល់ដឹងច្រើនជាងមុន ហើយក៏សកម្មក្នុងសកម្មភាពមនុស្សធម៌ផងដែរ តែយើងមិនទាន់មានឈាម​ដែលមានប្រភព​ពីអ្នកស្ម័គ្រចិត្ដគ្រប់គ្រាន់ សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមបន្ទាន់នៅឡើយទេ ក៏ប៉ុន្ដែយើងទាំងអស់គ្នា និងខិតខំប្រឹងប្រែងបន្ដទៀត ក្នុងស្វែងរកឈាម ដើម្បីជួយសង្គ្រោះជីវិតនៅកម្ពុជាយើង ហើយយើង នឹងបន្ដបង្កើតមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៅតាមបណ្ដាខេត្ដមួយចំនួនទៀត»

​ជាងនេះទៅទៀត លោក​វេជ្ជបណ្ឌិត ក៏បានអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋខ្មែរ​ទូទាំងប្រទេស មេត្ដាចូលរួមបរិច្ចាគឈាម ដើម្បីយកទៅជួយជនរងគ្រោះ​ដែលត្រូវការឈាម ជាចាំបាច់ ហើយសកម្មភាព​ទាំងនេះ ពិតជាបានចូលរួមចំណែក​យ៉ាងខ្លាំងលើការជួយសង្គ្រោះជីវិតមនុស្ស៕