(កណ្ដាល)៖ ភរិយារបស់លោកឧកញ៉ា ថោង សារ៉ាត់ លោកស្រី ទាវ ធីតា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាននាំយកអំណោយ ជាគ្រឿងឧបភោគ-បរិភោគ ជូនដល់លោកយាយចាស់ជរាម្នាក់ មានជីវភាពខ្វះខាត ដែលមានអាយុ៩៤ ឆ្នាំ កំពុងរស់នៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
អំណោយមនុស្សធម៌របស់លោកស្រី ទាវ ធីតា ដែលត្រូវយកទៅចែកជូនលោកយាយ សួន សុខ នៅព្រឹកមិញនេះ រួមមានអង្ករ៦០គីឡូក្រាម, មី១កេស,មុង១, កន្ទេល១,ភួយ១, ស្ករសរ១គីឡូ, អំបិល១គីឡូ, ឆៃប៉ូវ១គីឡូ ,ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា៥០ ម៉ឺនរៀល។
លោកស្រី ទាវ ធីតា បានថ្លែងថា ដោយមើលឃើញពីភាពលំបាកវេទនា ក្រខ្សត់ របស់លោកយាយ ទើបលោកស្រីសម្រេចចិត្តពាំនាំអំណោយទាំងនេះ ចែកជូនដល់លោកយាយ ដើម្បីដោះស្រាយការលំបាកបានមួយគ្រា។ ទោះបីជាអំណោយទាំងនេះ មានលក្ខណៈតិចតួចស្ដួចស្ដើងក្ដី ប៉ុន្តែក៏អាចជួយរំលែកការលំបាក របស់លោកយាយបានមួយកម្រិត ហើយនេះបានបញ្ជាក់ឲ្យឃើញពីវប្បធម៌ ជួយគ្នាទៅវិញទៅមក របស់សង្គមខ្មែរយើងផងដែរ។
ជាមួយគ្នានេះ លោកស្រី ទាវ ធីតា ក៏បានបន្តចែកជូនអំណោយបន្ថែម ដល់លោក ជា ជូរ ដែលជាជនពិការជើងទាំងសងខាង ដោយសារតែជំងឺលើសឈាម មានទីលំនៅរស់នៅផ្ទះក្បែរគ្នា បន្ទាប់ពីមានការខ្វះខាតខ្លាំង ហើយអំណោយទាំងនោះ គឺបានទទួលដូចទៅនឹងលោកយាយ សួន សុខ ដែរ។
យ៉ាងណាមិញ លោកយាយ សួន សុខ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកស្រី ដែលបានបង្ហាញពីទឹកចិត្តសប្បុរសធម៌ ជួយដល់ចាស់ជរា គ្មានទីពឹង ដូចជារូបលោកយាយ និងសូមជូនពរឲ្យលោកស្រី និងក្រុមគ្រួសារជួបប្រទះតែសេចក្ដីសុខ គ្រប់ប្រការ៕