(ភ្នំពេញ)៖ អគារខន់ដូរដ៏ទំនើប ស៊ីវិស័យផុសឡើង ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ មានឈ្មោះថា Bodaiju របស់ក្រុមហ៊ុន Greed គ្រុប បានរៀបចំកម្មវិធីបិទបញ្ចប់ការសាងសង់ គ្រោងអគាររបស់ខ្លួន នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅទីតាំងអគារក្រុមហ៊ុនផ្ទាល់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
នៅក្នុងពិធីបិទបញ្ចប់ការសាងសង់ គ្រោងអគាររបស់ Bodaiju នៃក្រុមហ៊ុន Greed ដែលមានការវិនិយោគ ដោយក្រុមហ៊ុនមកពីប្រទេសជប៉ុន គឺមានការអញ្ជើញចូលរួម ពីសំណាក់លោក កែវ សុភា អភិបាលរងខណ្ឌពោធិសែនជ័យ, លោក ថូស៊ីហ៊ីកកូ មុនិកយ៉ុស៊ី អគ្គនាយកក្រុមហ៊ុន Greed, លោកឧកញ៉ា គួច សេងហេង ដែលជាម្ចាស់ភាគហ៊ុនក្នុងគម្រោងសាងសង់នេះ ព្រមទាំងភ្ញៀវកិត្តិយស ជាច្រើនទៀត។
លោក កែវ សុភា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានថ្លែងនៅក្នុងពិធីនោះថា ក្នុងនាមជាអាជ្ញាធរដែនដី សូមសម្ដែងនូវក្ដីអបអរសាទរ ចំពោះសមិទ្ធផល ដ៏ជោគជ័យរបស់ក្រុមហ៊ុន គ្រីដ គ្រុប ក្នុងប្រតិបត្តិការវិនិយោគ និងសាងសង់ រហូតឈានដល់នូវកម្មវិធីបញ្ចប់គ្រោងបេតុងអគារ នៃគម្រោងលំនៅដ្ឋានស្នាក់នៅរួម «បូដាយជូ រ៉េស៊ីដេនស៍» ដែលជាគម្រោងលំនៅដ្ឋាន ដ៏ធំមួយ របស់ក្នុងហ៊ុន គ្រីដ ដែលជាផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធលំនៅដ្ឋានទំនើប ដែលបង្កើតជាសោភ័ណ្ឌភាព ក្នុងការស់នៅ កាន់តែល្អប្រសើរ និងចូលរួមបង្កើតការងារផ្សេងៗ ដល់ប្រជាជនក្នុងមូលដ្ឋាន។
លោកអភិបាលរងដដែលបានបន្តថា ក្នុងនាមជាអភិបាលរងខណ្ឌ និងក្នុងនាមជាអាជ្ញាធរ សូមធ្វើការសំណូមពរ ឲ្យក្រុមហ៊ុនបន្តសហការណ៍ ជាមួយអាជ្ញាធរមូលដ្ឋាន គោរពយ៉ាងខ្ជាប់ខ្លួន ទៅលើបទដ្ឋានសំណង់ បទដ្ឋានបរិស្ថាន និងអនាម័យសម្រាប់គម្រោងរបស់ខ្លួន និងសហគមន៍មូលដ្ឋាន ដែលនៅជំវិញតំបន់នោះ ទាំងការគ្រប់គ្រងសូរសំឡេង កាកសំណល់ រឹង រាវ ឬធូលី និងប្រព័ន្ធបង្ហូរទឹកកខ្វក់ជាដើម ក្នុងទិសដៅយ៉ាងណា ឲ្យការអភិវឌ្ឍន៍ ផ្ដល់នូវភាពសុខដុមនីយកម្ម និងភាពសប្បាយរីករាយ គ្រប់ភាគីទាំងអស់៕