(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានកត់សម្គាល់ថា រហូតដល់បច្ចុប្បន្ននេះមានមនុស្សប្រមាណ៧នាក់ បានល្បីល្បាញយ៉ាងខ្លាំង ដោយសារតែវាយប្រហារលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក៏ប៉ុន្តែក្នុងនោះក៏មានអ្នកខ្លះត្រូវជាប់ពន្ធនាគារ ដោយសារតែការចង់ល្បីល្បាញនេះផងដែរ។
លោក សុខ ឥសាន បានអះអាងយ៉ាងដូច្នេះថា «នៅកម្ពុជាមានទម្លាប់អាក្រក់មួយ គឺបើមិនចេះ ជេរ មិនចេះលាបព៌ណ មិនចេះមួលបង្កាច់ បរិហារកេរ្តិ៍ មិនចេះដៀលប្រមាថរាជរដ្ឋាភិបាល នោះគេពិតជាមិនបានល្បីឈ្មោះទេ។ ដូច្នេះចាំបាច់ត្រូវតែបង្ខំចិត្តធ្វើអ្វីជាអវិជ្ជមាន ស ថា ខ្មៅ, ត្រូវ ថា ខុស, ល្អ ថា អាក្រក់, គ្មាន ថាមាន នោះទើបបានល្បី ហើយចង់ល្បីមែនទែន ធ្វើឲ្យបានជាប់គុកទៀត កាន់តែបានល្បីដូចសេចក្តីប្រាថ្នាមែន»។
លោក សុខ ឥសាន បានបញ្ជាក់ថា មនុស្ស៧នាក់ដែលល្បីដោយសារវាយប្រហារលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនោះ រួមមាន៖ ទី១. លោក សម រង្សី ល្បីខាងចោទគណបក្សប្រជាជនធ្វើបាប មិននិយាយដល់ សម រង្សី ល្មើសច្បាប់ផ្សេងៗច្រើនដងទេ។ ទី២៖ លោក ហុង សុខហួរ ល្បីខាងនិយាយមួលកាច់ថា គណបក្សប្រជាជនកម្ពុជា ចុះហត្ថលេខាលុបខ្សែរព្រំដែនកម្ពុជា-វៀតណាម។ ទី៣៖ អ៊ុំ សំអាន ល្បីខាងមួលកាច់ថា រាជរដ្ឋាភិបាលប្រីប្រាស់ផែនទីក្លែងក្លាយ។ ទី៤៖ លោកស្រី ថាក់ ទ្បានី ល្បីខាងនិយាយមួលកាច់ថា សម្តេចតេជោ ហ៊ុន សែន សម្លាប់បណ្ឌិតកែមទ្បី គ្មានមូលដ្ឋាន។ ទី៥៖ លោក អ៊ូ វីរៈ ល្បីខាងវិភាគលំអៀងថា គណបក្សប្រជាជនកម្ពុជា រៀបឆាកឲ្យ លោក កឹម សុខា មានរឿងអាស្រូវផ្លូវភេទ។ ទី៦៖ លោក គឹម សុខ ចាប់ល្បីដោយសារនិយាយមួលកាច់ថា គណបក្សប្រជាជនកម្ពុជា សម្លាប់លោក កែម ទ្បី និងបង្កើតប្រព័ន្ធសម្លាប់មនុស្ស និង ទី៧៖ លោក ប្រែត អាដាំ ល្បីពីរឿងមួលកាច់កម្ពុជា ខុសការពិតថារំលោភសិទ្ធិមនុស្សជាដើម។ ក្រៅពីនោះ ក៏មានអង្គការមួយចំនួន ល្បីល្បាញដោយវិធីនេះផងដែរ។
លោក សុខ ឥសាន បានបញ្ជាក់ថា «ដោយសារមហិច្ឆតាចង់ល្បីនេះហើយបានជាអ្នកនយោបាយ អ្នកវិភាគមិនឯករាជ្យមួយចំនួន បាននិងកំពុងខិតខំណាស់ ពីការរំលោភច្បា ប់និងសិទ្ធិបញ្ចេញមតិហួសពីព្រំដែនកំណត់ ធ្វើយ៉ាងណាឲ្យរាជរដ្ឋាភិបាលចាប់ថ្នាក់ ដាក់ពាក្យប្តឹង និង ត្រូវតុលាការចាប់ដាក់គុកទើប ពួកគេពេញចិត្ត ដើម្បីគេមានឱកាសចោទប្រកាន់មកលើប្រមុខរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ថាជាអ្នករំលោភច្បាប់ រំលោភសិទ្ធិនៃការបញ្ចេញ មតិទៅវិញ ជាពិសេសនៅជិតដល់ពេលបោះឆ្នោតគេប្រើឧបាយកលនេះ ដើម្បីឃោសនាទម្លាក់ប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា និងលើកកម្ពស់បក្សប្រឆាំងឲ្យឈ្នះឆ្នោត តាមការចង់បានរបស់គេ។ ពួកគេព្យាយាមប្រែក្លាយ ពួកគេដែលជាអ្នកបង្ករឿងឲ្យទៅជាជនរងគ្រោះ ហើយប្រមុខរាជរដ្ឋាភិបាលនិងគណបក្សប្រជសជនកម្ពុជា ដែលជាជនរងគ្រោះឲ្យប្រែទៅជាអ្នកបង្កហេតុ ប្រព្រឹត្តរំលោភទៅលើពួកគេវិញ បោកបញ្ឆោតសាធារណៈមតិឲ្យយល់ច្រទ្បំ ខឹងសម្បារនិងមិនបោះឆ្នោតគាំទ្រដូចមុនទៀត»៕