(ព្រៃវែង)៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនារី និងប្រកាសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានលើកឡើងថា «តាមរយៈនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យប្រជាជាតិយើង ទទួលបានសុខសន្តិភាព យ៉ាងពេញលេញនៅទូទាំងប្រទេស»។
ឧបនាយករដ្ឋមន្ដ្រី ក្នុងនាមប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានបញ្ជាក់ថា ជោគជ័យធំៗ ជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រេចបានជូនជាតិ និងប្រជាជន មានដូចជា ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូចធំ នៅទីក្រុង ទីប្រជុំជន នានាទូទាំងប្រទេស ជាពិសេស សន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈដ៏ល្អ។
ជាមួយគា្ននោះដែរ លោកស្រីឧបនាយករដ្ឋមន្ដ្រី ក៏បានកោតសរសើរចំពោះការខិតខំរបស់បងប្អូនស្ត្រី ក៏ដូចជា មន្ត្រីរាជការ នៃស្ថាប័នរបស់ខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេលកន្លងមក ហើយលោកស្រី លើកឡើងថា ការងាររបស់ស្ត្រី និងការងាររបស់គណៈចលនាមហាជននេះ គឺមានតាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ ហើយការបង្កើតនេះ គឺដើម្បីងាយស្រួលក្នុងការទំនាក់ទំនងគ្នា ជាពិសេសការគ្រប់គ្រងអង្គការ សហជីពក្នុងគោរពច្បាប់ឲ្យបានល្អ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី បានសំណូមពរឲ្យអាជ្ញាធរនៅមូលដ្ឋាន ត្រូវតែខិតខំបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងបម្រើនូវសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ៕