(ប្រាជីនបុរី-ថៃ)៖ ជនជាតិខ្មែរ-ថៃ សរុប១០នាក់ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ខេត្តប្រាជីនបុរី ឃាត់ខ្លួនព្រមទាំងបានដកហូតវត្ថុតាងមួយចំនួនធំផងដែរ បន្ទាប់ពីជនសង្ស័យទាំងអស់នេះ បានលួចចូលទៅកាប់ឈើគ្រញូងក្នុងតំបន់ហាមឃាត់។
ប្រភពព័ត៌មានពីសមត្ថកិច្ចថៃ ដែលបានផ្តល់ភាគីសមត្ថកិច្ចខ្មែរ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងយោធា សហការជាមួយ កម្លាំងរដ្ឋបាលព្រៃឈើខេត្ត នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ត្រង់ចំណុចតំបន់ឧទ្យានជាតិថាប់ឡាន ស្ថិតក្នុងភូមិ៣ ឃុំកែងឌិនស ស្រុកណាឌី ខេត្តប្រាជីនបុរី ប្រទេសថៃ បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីលួចកាប់ឈើគ្រញូង ពីសំណាក់ជនជាតិខ្មែរ និងជនជាតិថៃ នៅក្នុងតំបន់ឧទ្យានជាតិថៃនេះ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការតាមប្រមាញ់ដើម្បីចាប់ខ្លួន ខណៈដែលជនសង្ស័យទាំងអស់ កំពុងជញ្ជូនឈើគ្រញូង ចុះពីតំបន់ភ្នំ ដើម្បីយកទៅឲ្យមេឈ្មួញធំ ដែលនៅពីក្រោយខ្នង គឺនៅទីបំផុតកម្លាំងជំនាញបានឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន៨នាក់ ក្នុងនោះជនជាតិខ្មែរ៦នាក់ និងថៃចំនួន២នាក់ ដកហូតឈើគ្រញូងចំនួន៦៩ដុំ។
ក្រោយឃាត់ខ្លួន ពួកគេទាំងអស់បានសារភាពថា កម្មករដែលចូលមកកាប់ឈើគ្រញូង នៅក្នុងឧទ្យាន ថាប់ឡាននេះសរុប២៨នាក់ ដោយចូលតាំងពីដើមខែកុម្ភៈ មកម៉្លេះ ដែលនៅពេលណាកាប់ឈើបានគ្រប់ចំនួន ទើបនាំគ្នាជញ្ជូនចុះពីភ្នំ យកទៅឲ្យមេឈ្មួញធំ ដែលនៅទទួលចាំទិញពីពួកគេ។
ស្របពេលជាមួយគ្នានោះដែរ មេឈ្មួញធំបានទូរស័ព្ទមកទាក់ទងដើម្បីទិញឈើគ្រញូង ទើបសមត្ថកិច្ចបានបញ្ជាឲ្យហៅមេឈ្មួញនោះ មកទទួលយកឈើ ព្រមទាំងបានឃាត់ខ្លួនបន្ថែម ចំនួន២នាក់ទៀត ដោយនៅពេលនោះដែរ កម្លាំងបានឆែកឆេររកឃើញមានអាវុធ ខ្លួនចំនួន២ដើម ធុន៩មីល្លីម៉ែត្រ ម៉ាក CF98 និងម៉ាក Berreta និងគ្រាប់២៨គ្រាប់ លុយចំនួន ១០៣,៦០០បាត ព្រមរថយន្ត មួយគ្រឿង។
មិនត្រឹមតែប៉ុណ្ណឹង នៅលើខ្លួនជនសង្ស័យទាំង២នាក់ មានជាប់មកជាមួយនូវសៀវភៅបញ្ជីធនាគារ ដែលគេបានផ្ញើលុយទៅវិញ ទៅមក ជាមួយនឹងមេក្លោងធំដែលរកស៊ីឈើគ្រញូងជាមួយគ្នា។ បច្ចុប្បន្នជនសង្ស័យទាំងអស់ រួមជាមួយនឹងវត្ថុតាង ត្រូវបាននាំយក ទៅកាន់អង្គភាពរដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ៕