(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លីមីតធីត បានឧបត្ថម្ភទឹកប្រាក់២៥,០០០ដុល្លារ ទៅដល់លោក អេង ខេង ដើម្បីជាទៅវះកាត់ព្យាលបាលជំងឺមហារីកមាត់ នៅក្នុងប្រទេសអូស្រ្ដាលី តាមរយៈសមាគមចក្ខុកម្ពុជាអន្ដរជាតិ។
លោកវេជ្ជបណ្ឌិត ង៉ូវ ស្រ៊ុន ស្ថាបនិកសមាគមចក្ខុកម្ពុជាអន្តរជាតិបានឲ្យដឹងថា ដោយសារជំងឺមហារីកមាត់របស់លោក អេង ខេង មានលក្ខណៈធ្ងន់ធ្ងរ និងម្យ៉ាងមិនអាចរកវេជ្ជបណ្ឌិតជំនាញផ្នែកវះកាត់មហារីកបែបនេះ នៅក្នុងប្រទេសបាន ទើបចាំបាច់ត្រូវបញ្ជូនអ្នកជំងឺរូបនេះ ទៅធ្វើការវះកាត់នៅប្រទេសអូស្រ្តាលីផ្ទាល់តែម្ដង។
លោម អ៊ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីបានថ្លែង «លោក អេង ខេង បានកើតជំងឺនេះតាំងពីតូច ហើយស្ទើរតែពេញមួយជីវិតរបស់លោកពុំដែលធ្លាប់មានក្ដីរីករាយដូចមនុស្សទូទៅឡើយ។ ដូច្នេះការឧបត្ថម្ភថវិកា ដើម្បីវះកាត់ព្យាបាលឲ្យលោកមានមាត់ស្អាត និងរួចផុតពីជំងឺដ៏សាហាវនេះឡើងវិញ ប្រៀបដូចជាផ្ដល់ជីវិតថ្មីមួយ ឲ្យរូបលោកអញ្ចឹង។ នេះជាសកម្មភាព ដែលក្រុមហ៊ុន ខ្មែរ បែវើរីជីស លីមីតធីត តែងធ្វើដើម្បីចូលរួមបរិច្ចាគត្រឡប់ទៅសង្គមវិញតាមតែអាចធ្វើទៅបាន»។
សូមបញ្ជាក់ថា លោក អេង ខេង គឺជាប្រជាពលរដ្ឋក្រីក្រម្នាក់ ដែលរស់នៅភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានកើតជម្ងឺមហារីកមាត់នេះ ជាច្រើនឆ្នាំមកហើយ។ សម្រាប់ការទៅព្យាលបាលជំងឺលោកនឹងចាកចេញ ទៅកាន់ប្រទេសអូស្រ្ដាលី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខ ដោយមានបងប្អួនរួមដំណើរ ទៅមើលថែជំងឺគាត់ផងដែរ៕