(ពោធិ៍សាត់)៖ នារីវ័យក្មេងម្នាក់ ត្រូវបានសាច់ញាតិ និងប្រជាពលរដ្ឋប្រទះឃើញ ចង-ក សម្លាប់ខ្លួន ជាមួយសារុងពណ៌ក្រហម ជាប់នឹងជញ្ជាំងនៅលើផ្ទះ តែករណីនេះ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា អាចអំពើឃាតកម្ម ហើយជនសង្ស័យជាប្តីថែមទៀតផង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្ញើល ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបួរស្រង៉ែ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ថា សពនារីវ័យក្មេង ដែលគេប្រទះឃើញចង-ក សម្លាប់ខ្លួននោះមានឈ្មោះ ណាង ម៉ារី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ, មានប្តីឈ្មោះ គង់ ជីវ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការបន្តថា ក្រោយពេលកើតហេតុ ប្តីរបស់នារីរងគ្រោះ បានរត់គេចខ្លួនបាត់ស្រមោល ហើយនៅពេលកម្លាំងរបស់លោកបានទៅដល់ ឃើញថា សាកសពរបស់នារីរងគ្រោះ ខុសប្លែកគួរឲ្យសង្ស័យ រួចបានសុំឲ្យក្រុមគ្រួសារសពរក្សាទុក រង់ចាំជំនាញខេត្ត និងបុគ្គលិកពេទ្យ ពិនិត្យរកមូលហេតុឲ្យបានច្បាស់លាស់។
លោកអធិការបន្តទៀតថា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត និងបុគ្គលិកពេទ្យ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យទៅលើសាកសព ឃើញថា សាកសពនារីរងគ្រោះ មិនមែនចង-ក សម្លាប់ខ្លួនឯងប្រាកដទេ គឺស្លាប់ដោយសារករណីឃាតកម្ម បណ្តាលមកពីឈ្លោះប្រកែកគ្នាជាមួយប្តី។
បច្ចុប្បន្នសាកសពនារីរងគ្រោះ ត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕