(កណ្តាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ អនុប្រធានទី១ ក្រុមការងារគណៈពង្រឹងចុះជួយស្រុកកៀនស្វាយ និងជាប្រធានគណៈពង្រឹងចុះជួយឃុំដីឥដ្ឋ ឃុំគគីរ និងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋ ឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបន្តអភិវឌ្ឍប្រទេសជាតិ ឲ្យបានរីកចំរើនខ្លាំងថែមទៀត ហើយការអភិវឌ្ឍ ភូមិ-ឃុំនឹងកាន់តែល្អប្រសើរឡើង។

លោក ម៉ក់ ពេជ្ជរិទ្ធ ជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៤៣២គ្រួសារ នៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា មិនបានសន្យាអ្វីមួយ ហើយចោលនោះទេ គឺសន្យាហើយ ត្រូវតែធ្វើ មិនដូចគណបក្សខ្លះ បោកប្រាស់ប្រជាពលរដ្ឋ គ្រាន់តែសន្យា ហើយមិនបានទេ។ អីចឹងហើយ មានតែគណបក្សប្រជាជនទេ ដែលដឹងសុខ ដឹងទុកជា មួយប្រជាពលរដ្ឋ»

ជាមួយគ្នានោះអនុប្រធានទី១ គណៈពង្រឹងស្រុកកៀនស្វាយ និងជាប្រធានគណៈពង្រឹង ចុះជួយឃុំដីឥដ្ឋ ឃុំគគីរ និងឃុំភូមិធំ បានសំណូមពរដល់ប្រជាពលរដ្ឋថា ប្រសិនបើមានបញ្ហាអ្វីមួយ ដែលមិនអាចដោះស្រាយ បានសូមទៅជួបលោកមេភូមិ មេឃុំ ដើម្បីឲ្យមេភូមិ មេឃុំជ្រាបព័ត៌មាន និងបានរាយការណ៍មកគណៈពង្រឹង បានដឹង និងជួយដោះស្រាយជូនបងប្អូនភ្លាមៗ ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ ។

លោកបានបន្ថែមថា ប្រជាពលរដ្ឋខ្លះ មិនបានដើរចោលគណបក្សប្រជាជនទេ តែដោយសារខឹងបុគ្គលមួយចំនួនតូច ទើបលោកដើរចេញពីគណបក្សប្រជាជន។ អីចឹងទេលោកសូមឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវនៅជាមួយប្រជាពលរដ្ឋរបស់យើង។   

នៅក្នុងពិធីសំណេះសំណាលនោះ បងប្អូនប្រជាពលរដ្ឋ នៅភូមិដូនស ក៏មានប្រជាពលរដ្ឋ ដែលពួកគាត់ជួបការលំបាក ដូចជា៖ ផ្លូវពិបាកធ្វើដំណើរ សុំរទេះ សុំជួយតបណ្តាញទឹក ខណៈប្រជាពលរដ្ឋខ្លះ ផ្ទះរបស់ពួកគាត់ដំបូលទ្រុឌទ្រោម ជញ្ជាំងធ្លុះធ្លាយ និងមានបងប្អូនប្រជាពលរដ្ឋខ្លះ សុំកង់ ដើម្បីឲ្យកូនជិះទៅរៀនជាដើម។ រាល់ទុក្ខលំបាកទាំងនេះ ត្រូវបានប្រធានក្រុមការងារចុះជួយឃុំភូមិធំ ឃុំគគីរ និងឃុំដីឥដ្ឋ ទទួលយកសំណើទាំងនេះ និងឲ្យក្រុមការងាររបស់លោក ចុះពិនិត្យ ដើម្បីរកវិធីដោះស្រាយជូនពួកគាត់។

លោកបានបន្តទៀតថា «អ្វីដែលលំបាក គឺត្រូវដោះស្រាយភ្លាមៗដោយ មិនទុកយូរទេ»។ ក្រោយបញ្ចប់ពិធី សំណេះសំណាល ក្រុមការងារគណៈពង្រឹងឃុំគគីរ  ឃុំដីឥដ្ឋ និងឃុំភូមិធំ ក៏បានផ្តល់អំណោយជាអង្ករដល់ប្រជាពលរដ្ឋជាង៤០០គ្រួសារផងដែរ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ៕