(ភ្នំពេញ)៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ ផែនការ៨ចំណុច ដើម្បីលើកស្ទួយវិស័យស្រូវ-អង្ករកម្ពុជា បន្ទាប់ពីតម្លៃស្រូវ-អង្ករកម្ពុជា ជួបបញ្ហាប្រឈមជាច្រើន ពិសេសនៅរដូវ ប្រមូលផល។
ការដាក់ចេញនូវផែនការ ៨ចំណុចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបូកសរុប និងវាយតម្លៃការអនុវត្តវិធានការណ៍ ពាក់ព័ន្ធនឹងវិស័យស្រូវ-អង្ករ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ផែនការទាំង៨ចំណុច ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនៅខាងក្រោម៖
១៖ ការបន្តលុបបំបាត់កុងត្រូលជជុះ/ការបង់ប្រាក់ក្រៅផ្លូវការ។
២៖ ការសម្របសម្រួលជាមួយសមាគមធនាគាររិក និងសមាគមមីក្រូហិរញ្ញវត្ថុ ដើម្បីបញ្ចុះអត្រាការប្រាក់បន្ថែមទៀត និងផ្តល់ភាព អនុគ្រោះដល់កសិករពេលជួបលំបាកផ្សេងៗ។
៣៖ ការលើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមហិរញ្ញវត្ថុប្បទាន ដល់វិស័យកសិកម្ម។
៤៖ ដោះស្រាយបញ្ហាដឹកជញ្ជូន និងឡូជីស្ទីក ដើម្បីកាត់បន្ថយថ្លៃដើម និងលើកម្ពស់ភាពប្រកួតប្រជែង។
៥៖ ការសម្រួលសម្រួលជាមួយ ប្រទេសជិតខាងឲ្យបន្តទិញកសិផលពីកម្ពុជា និងខិតខំបើកទីផ្សាជាមួយប្រទេសដទៃទៀត ក្រៅពីប្រទេសដៃគូពាណិជ្ជកម្ម ដែលមាននាពេលបច្ចុប្បន្ន។
៦៖ ជំរុញយន្តការក្រុមការងារទី៩ សំដៅដោះស្រាយបញ្ហាផលិតកម្មស្រូវ (សកម្មភាពក្រោយការប្រមូលផលរួច, ការកែច្នៃកសិផល ។ល។)។
៧៖ ជំរុញការប្រើប្រាស់កម្មវិធីពិសេស របស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់ចំនួន២៧លានដុល្លារអាមេរិក ក្នុងការជំរុញការ ប្រមូលទិញស្រូវ និងការនាំចេញ។
៨៖ ជំរុញគម្រោងវិនិយោគពិសេសរបស់រាជរដ្ឋាភិបាលក្នុងទំហំប្រមាណ ១៥លានដុល្លារ សំដៅបង្កើនសមត្ថភាពឡសងម្ងួត និងឃ្លាំងស្តុក៕