(ភ្នំពេញ)៖ នាយរងការិយាល័យផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ប៉ែន ឃុន នៅរសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៧ បានចុះទៅផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោកដល់និស្សិតចំនួន១០៧នាក់ នៅវិទ្យាស្ថានវិទ្យាសាស្រ្ត សុខាភិបាល ខេមរភូមិន្ទ។
លោក ប៉ែន ឃុន បានថ្លែងថា ការចុះមកផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍នេះ ដើម្បីបង្កើនការយល់ដឹងបន្ថែម អំពីសុវត្ថិភាពចរាចរណ៍ក្នុងគោលបំណងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ ពេលធ្វើដំណើរតាមដងផ្លូវ។
លោក ប៉ែន ឃុន បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីមានការណែនាំពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យចរាចរណ៍ តែងតែចុះមកផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ជូនដល់និស្សិត អ្នកបើកបរក្រុមហ៊ុនឯកជន និងនៅតាមស្ថាប័ន មន្ទីររបស់រដ្ឋជាច្រើន ជាបន្តបន្ទាប់ ដើម្បីចូលរួមផ្តល់ចំណេះដឹងដល់ពលរដ្ឋ លើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
នៅចំពោះនិស្សិតទាំងនេះ នាយរងការិយាល័យចរាចរណ៍ ដែលមានបទពិសោធន៍យ៉ាងច្រើន លើការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ បានជំរុញ និងបង្ហាញពីកត្តាមួយចំនួន ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រួមមាន : មិនត្រូវបើកបរ មានជាតិស្រវឹងនោះទេ, មិនត្រូវបើកលឿនហួសល្បឿនកំណត់, មិនត្រូវបើកបរប្រជែងខុសច្បាប់, សម្រាប់ម៉ូតូវិញ គឺត្រូវពាក់មួកសវុត្ថិភាព ហើយដាក់កញ្ចក់ជានិច្ច។