(សៀមរាប)៖ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ មុនិនាថ សីហនុ នឹងយាងសម្ពោធការ ចាក់បញ្ចាំងភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដែលផលិតដោយលោកស្រី Angelina Jolie នៅខេត្តសៀមរាប នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ខ្សែភាពយន្តនេះ និយាយអំពីរឿងរ៉ាវមួយចំនួនពាក់ព័ន្ធសម័យខ្មែរក្រហម។
ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលរំឭកអំពីប្រវត្តិដ៏ជូរចត់នៃរបបវាលពិឃាតដឹកនាំ ផលិតដោយលោកស្រី Angelina Jolie ជាតារានិងជាផលិតករដ៏ល្បីរបស់ Hollywood នឹងត្រូវចាក់បញ្ចាំងជាលើកដំបូងបង្អស់នៅលើវាលស្មៅនៃព្រះលានជល់ដំរី ខេត្តសៀមរាប រយៈពេល២ថ្ងៃ នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧។
ខ្សែភាពយន្តនេះ ត្រូវបានថតនៅក្នុងទីតាំងសំខាន់ៗជាប្រវត្តិសាស្ត្រចំនួន២គឺ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាពិសេស តំបន់រមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយដ៏សំខាន់ដែលខ្សែភាពយន្តបានផ្តិតយកទិដ្ឋភាពជាប្រវត្តិសាស្ត្រមួយចំនួនធំ។ ដូចនេះហើយ បានជាផលិតករភាពយន្ត សម្រេចចិត្តជ្រើសរើសយករមណីយដ្ឋានអង្គរជាទីតាំងចាក់បញ្ចាំងមុនដំបូងបំផុត ដែលជាពិធីសម្ពោធផ្លូវការមុន នឹងខ្សែភាពយន្តនេះចាក់បញ្ចាំង នៅរោងភាពយន្តផ្សេងៗទៀត៕