(កែប)៖ អនុវត្តតាមផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងការជួញដូរ ចែកចាយប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ៦ខែលើកទី១ (១មករា-៣០មិថុនា ២០១៧) ក្រៅពីវិធានការបង្ក្រាប កំលាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកែប ក៏បានរួមសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ធ្វើការត្រួតពិនិត្យអ្នកបើកបរ រថយន្តធុនធំ និងមធ្យម ដើម្បីរកឃើញអ្នកបើកបរ មានជាប់ពាក់ព័ន្ធការលួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ឧត្តមសេនីយ៍ អុីង សំអុល ស្នងការនគរបាលខេត្តកែប បញ្ចាក់ថា លទ្ធផលជាក់ស្ដែងនៃការពិនិត្យរកសារធាតុញៀន ចាប់ពីថ្ងៃទី២៦ ខែមករា មកដល់យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នគរបាលបានពិនិត្យមើលទឹកនោម អ្នកបើកបរ និងកម្មកររថយន្ត (ព្រូ) បានចំនួន១៥៨នាក់ រកឃើញអ្នកជាប់សារធាតុញៀនក្នុងទឹកនោមចំនួន១៤នាក់។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា «ក្រោយពិនិត្យឃើញដូច្នេះ យើងបានកោះអញ្ជើញក្រុមហ៊ុន និងម្ចាស់រថយន្ដមកណែនាំ ឲ្យផ្អាកជាបណ្តោះអាសន្ន មិនឲ្យមុខសញ្ញាខាងលើបើកបររថយន្តទៀតទេ ទុកឲ្យរូបគេស្តារគ្រឿងញៀន ដោយខ្លួនឯង ឬចូលទៅមណ្ឌលកែប្រែសិន។ ក្នុងករណីយើងរកឃើញថា ក្រុមហ៊ុន ឬម្ចាស់រថយន្ត នៅតែប្រើប្រាស់មុខសញ្ញានេះទៀត យើងនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់»។
លោកឧត្តមសេនីយ៍ បន្ថែមថា តាមការពិនិត្យជាក់ស្តែងទាំងក្រុមហ៊ុន ទាំងម្ចាស់រថយន្ត បានសំដែងការគាំទ្រលើវិធានការ របស់នគរបាលយើង ព្រោះថាវាពិតជាបានជួយគាត់ឱ្យជៀសវាង ពីការប្រើប្រាស់អ្នកបើកបរ ដែលពុំមានចរិតគោរពច្បាប់បានល្អប្រសើរ នឹងគ្មានសីលធម៌ក្នុងខ្លួនត្រឹមត្រូវ៕