(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី ថ្លែងប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ថា ការឃុំខ្លួន លោក គឹម សុខ បណ្ដោះអាសន្ន ជានីតិវិធីមួយដើម្បីការពារនូវដំណើរការយុត្តិធម៌។
លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា «ការឃុំខ្លួនបណ្តោះអាសន្ន ជានីតិវិធីមួយដើម្បីការពារនូវដំណើរការយុត្តិធម៌, ហើយលោក គឹម សុខ នៅតែជាជនម្នាក់ដែលមិនទាន់មានទោសពៃនៅឡើយទេ អាស្រ័យហេតុដូច្នេះមេធាវី របស់លោក គឹម សុខ មានពេលវេលាជាមួយនឹងមេធាវីរបស់រាជរដ្ឋាភិបាល ឬក៏មេធាវីតំណាងតតាំងចំពោះមុខចៅក្រម។ អាស្រ័យហេតុដូច្នេះ ការតតាំងគ្នាតាមផ្លូវតុលាការ គឺជាចំណែកមួយនៃលទ្ធិប្រជាធិបតេយ្យ តាមរយៈរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងនឹងបង្ហាញថា មានតែស្ថាប័នតុលាការមួយមុខគត់ ដែលមានសិទ្ធិក្នុងការវិនិច្ឆ័យរកខុសរកត្រូវ ដូច្នេះពេលនេះជាការបង្ហាញមួយនៃនីតិរដ្ឋ»។
លោកបន្ថែមថា «ថ្វីត្បិតអីដែលគេយល់ឃើញថា ពេលលោក គឹម សុខ បានចោទប្រកាន់គណបក្សប្រជាជន ក៏ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ដ្រី ស្របច្បាប់នៅកម្ពុជាថា បានចូលលូកឡំ ឬនៅពីក្រោយនៃការធ្វើឃាតលោក កែម ឡី, អាស្រ័យហេតុដូច្នេះ នាយករដ្ឋមន្ដ្រី ការតម្រូវឲ្យទទួលបានយុត្តិធម៌ ក៏ដូចជាគណបក្សប្រជាជនបានទទួលយុត្តិធម៌ ពីព្រោះការលើកឡើងនេះ ហាក់បីដូចយុទ្ធនាការប្រឆាំង ឬក៏ទាក់ទាញចិត្តមហាជន និងពេលបោះឆ្នោតដើម្បីឲ្យស្អប់គណបក្សប្រជាជន ដែលគណបក្សប្រជាជនមិនអាចទទួលយកបាន»។
ជាងនេះទៅទៀត លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា ទង្វើនេះជាការប្រឆាំងនឹងប្រយោជន៍របស់រាជរដ្ឋាភិបាល និងគណបក្ស ដែលជាសកម្មភាពមួយមិនអាចទទួលបាន។
ស្រដៀងគ្នានោះ លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះថា «ខ្ញុំយល់ថា តុលាការចេញដីកាឃុំខ្លួនលើលោក គឹម សុខ ជារឿងត្រឹមត្រូវតាមប្រទេសកាន់ លទ្ធិប្រជាធិបតេយ្យ។ សេរីភាពនៃការបញ្ចេញមតិមិនត្រូវបំពានទៅលើសិទ្ធិអ្នកដទៃ, នៅពេលមានការបំពានយើងត្រូវទប់ស្កាត់ យើងមានកិត្តិយស និងសេចក្តីថ្លៃថ្នូររៀងៗខ្លួន ដូច្នេះអ្នកវិភាគមិនត្រូវបញ្ចេញមតិហួសព្រំដែនរំលោភបំពានលើជនណានោះទេ»។
យ៉ាងណាមិញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចាត់ទុកថា ការប្តឹងលោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ពេលនេះគឺជា វិធានការក្នុង ប្រទេសប្រជាធិបតេយ្យ ដើម្បីទប់ទល់នឹង ការបន្ទាបបន្ថោកមកលើគណបក្សមួយ។
លោក ខៀវ កាញារីទ្ធ បានលើកឡើងលើបណ្តាញសង្គម Facebook របស់លោកយ៉ាងដូច្នេះថា «មានមិត្តភក្តិខ្លះឱ្យយោបល់ថា មិនគួរប្តឹងលោក គឹម សុខ ទេ ទុកឱ្យគាត់និយាយពុលទឹកមាត់តែខ្លួនឯងទៅ។ នេះជាគំនិតមួយ តែមិនអាចអនុវត្តបាននៅក្នុងសង្គមប្រជាធិបតេយ្យបានទេ នៅពេលដែលគណបក្សមួយ រងការចោទប្រកាន់ធ្ងន់ធ្ងរ ដូចជាអំពើឃាតកម្មនេះជាដើម ព្រោះសង្គមប្រជាធិបតេយ្យត្រូវការបេះដូង និងខួរក្បាលរបស់អ្នកបោះឆ្នោត»។
លោកបានបន្ថែមថា «បើគេបណ្តុះការសង្ស័យ បើគេប្រើមធ្យោបាយទុច្ចរិត ដើម្បីបន្ទាបបន្ថោកបក្សណាមួយ បើបក្សនោះមិនបង្ហាញថា រឿងដែលកើតមានឡើង គឺអ្នកណាត្រូវ អ្នកណាខុសទេនោះ មិនមានន័យថា បក្សនោះលុតជង្គង់ប្រគល់អំណាចដាក់លើពានមាស ទៅអ្នកបង្ករឿងនោះទៅហើយ?»។
ការអះអាងរបស់ លោក ខៀវ កាញារីទ្ធ បានធ្វើឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីតុលាការបានសម្រេចឃុំខ្លួន លោក គឹម សុខ ដាក់ពន្ធនាគារព្រៃស នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោមការចោទប្រកាន់ពី ចំនួន២បទល្មើសគឺបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានថ្លែងប្រាប់ថា លោក គឹម សុខ អ្នកវិភាគនយោបាយ ត្រូវបានតុលាការសម្រេចដីកាឃុំខ្លួនជាបណ្តោះអាសន្នហើយ បន្ទាប់ពីព្រះរាជអាជ្ញារង សៀង សុខ បានសម្រេចចោទប្រកាន់លោក គឹម សុខ ចំនួន២បទល្មើសគឺបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ»។
សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក គី តិច មេធាវីការពារក្តី បានដាក់ពាក្យប្តឹងលោក គឹម សុខ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីលោក គឹម សុខ និយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន។ ករណីនេះទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារពីលោក គឹម សុខ។ បណ្តឹងមួយករណីទៀត ប្តឹងលោក គឹម សុខ បានចោទរាជរដ្ឋាភិបាលកម្ពុជា រៀបចំប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ។ ទាមទារប្រាក់សំណង១០លានរៀល។
សូមស្តាប់ការចោទប្រកាន់របស់លោក គឹម សុខ ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា៖