(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់យ៉ាងមុតមាំថា សម្រាប់ឆ្នាំ២០១៧ រដ្ឋបាលខណ្ឌបានដាក់ផែនការ បោសសម្អាតបទល្មើសនានា ឲ្យអស់ចេញពីមូលដ្ឋាន បន្ថែមការពង្រឹងការគ្រប់គ្រងដែនដី និងចុះបញ្ជីស្ថិតិគ្រប់គ្រងប្រជាពលរដ្ឋ និងពង្រឹងការអនុវត្តច្បាប់នានា ឲ្យមានប្រសិទ្ធភាព។
លោក ហែម ដារិទ្ធិ ថ្លែងបែបនេះ ត្រូវបានឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងទិសដៅអនុវត្តការងារឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីលើកទឹកចិត្ត និងបន្តខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់រដ្ឋបាលខណ្ឌ ឱ្យកាន់តែសកម្មថែមទៀត ឈរលើគោលការណ៍រដ្ឋបាលឯកភាព ដើម្បីថែរក្សារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការអភិវឌ្ឍ និងឆ្លើយតបតាមតម្រូវការសេវាសាធារណៈ បានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ក្នុងអង្គសន្និបាតនេះ មានការចូលរួមជាអធិបតីភាពពីសំណាក់ លោក ឃុន ហាំង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធានថ្នាក់ជាតិចុះជួយខណ្ឌពោធិ៍សែនជ័យ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ លោក ក្រូច ផាន ប្រធានក្រុមព្រឹក្សាខណ្ឌពោធិ៍សែនជ័យ អភិបាលរងខណ្ឌ អធិការនគរបាល និងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ នាយក-នាយករងរដ្ឋបាលសាលាខណ្ឌប្រធានអនុប្រធាការិយាល័យជុំវិញខណ្ឌ ចៅសង្កាត់-សង្កាត់រង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់សង្កាត់ ព្រមទាំងសមាជិក-សមាជិការជាច្រើននាក់ទៀត។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ បានថ្លែងថា សមិទ្ធផល និងស្នាដៃការងារសំខាន់ៗ ដែលរដ្ឋបាលខណ្ឌសម្រេចបាន ក្នុងឆ្នាំ២០១៦ អំពីការងារដែលនៅសេសសល់ និងបញ្ហាប្រឈមកើតមានឡើង ដែលត្រូវរួមគ្នាពុះពារដោះស្រាយ នៅឆ្នាំ២០១៧ និងមេរៀនបទពិសោធន៍ល្អៗ ដែលទទួលបាននាពេលកន្លងមក យកមកពិភាក្សា និងផ្តល់យោបល់សម្រាប់ធ្វើការដោះស្រាយបាន នូវបញ្ហាប្រឈមដែលនៅសេសសល់ និងបញ្ហាដែលប្រុងនឹងកើតមានថ្មី ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកអភិបាលខណ្ឌបានបន្តថា លទ្ធផលការអនុវត្តការងារ ឆ្នាំ២០១៦ និងទិសដៅការអនុវត្តការងារ ឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌចែកចេញជា៦ផ្នែក៖ ទី១.អំពីការគ្រប់គ្រងរដ្ឋបាលខណ្ឌ, ទី២.អំពីការងាររដ្ឋបាលសង្កាត់, ទី៣.អំពីការងាររបស់ការិយាល័យ-អង្គភាពជំនាញ, ទី៤.អំពីបញ្ហាប្រឈម និងដំណោះស្រាយ, ទី៥.អំពីទិសដៅការងារឆ្នាំ២០១៧ និងផ្នែកទី៦.សេក្តីសន្និដ្ឋាន។
អង្គសន្និបាតបានលើកយកប្រធានបទចំនួន៤ យកមកធ្វើការពិភាក្សា មានទី១.ការអនុវត្តគោលនយោបាយ ភូមិសង្កាត់មានសុវត្ថភាព, ទី២.ការផ្តល់សេវាសាធារណៈ (ការិយាល័យច្រកចេញ-ចូលតែមួយ), ទី៣.ការងារសាធារណការ និងបរិស្ថាន
និងទី៤.ការងារផែនការ និងអភិវឌ្ឍន៍ ទប់ស្កាត់សំណង់ខុសច្បាប់ជាដើម។
លោក ហែម ដារិទ្ធិ បានបន្តទៀតថា គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព មានលក្ខណៈ៩យ៉ាង ក្នុងមូលដ្ឋាន នៅមានបញ្ហាប្រឈម ដូចជា សកម្មភាពលួច ឆក់ ប្លន់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ និងអគ្គិភ័យជាដើមនោះ គឺត្រូវពង្រឹងការងារគ្រប់គ្រងរដ្ឋបាលដែនដី ការចុះបញ្ជីស្ថិតិគ្រប់គ្រងប្រជាពលរដ្ឋ ការគ្រប់គ្រងទិន្នន័យយានយន្តគ្រប់គ្រងគ្រប់ប្រភេទ មានវិធានការ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំយន្តការដឹកនាំ និងគ្រប់គ្រងឱ្យមានប្រសិទ្ធភាពខ្ពស់៕