(ញូដេលី)៖ ស្ត្រីជនជាតិឥណ្ឌាមួយរូបបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូលរបស់ប្រទេសឥណ្ឌា ដើម្បីទាមទារឲ្យរដ្ឋាភិបាលបិទនូវរាល់វែបសាយអាសអាភាសទាំងអស់ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ក៏ព្រោះតែស្វាមីរបស់លោកស្រីបានក្លាយជាមនុស្សញៀននឹងរឿងស៊ិចខ្លាំងបំផុត ដែលធ្វើឲ្យជីវិតគ្រួសាររបស់លោកស្រីធ្លាក់ដុនដាប។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ស្ត្រីដែលមិនបានបញ្ជាក់ឈ្មោះខាងលើនេះ ត្រូវបានសារព័ត៌មានឥណ្ឌាដកស្រង់សម្តីថា «ប្តីរបស់ខ្ញុំក្លាយជាអ្នកញៀនរឿងអាសអាភាស ដោយមួយថ្ងៃៗបានចំណាយពេលវេលាស្ទើរទាំងអស់ទៅមើលរឿងតាមវែបសាយជាច្រើន។ រឿងអាសអាភាសបច្ចុប្បន្ននេះគឺងាយរកមើលខ្លាំងណាស់ ដោយសារតែអ៊ីនធើណិតមានគ្រប់ទីកន្លែងទាំងអស់ ទើបធ្វើឲ្យប្តីខ្ញុំធ្លាក់ចូលទៅក្នុងការញៀន ហើយធ្វើឲ្យជីវិតគ្រួសារខ្ញុំជួបប្រទះនូវការលំបាកក្រៃលែង»។
គួរបញ្ជាក់តាមសម្តីស្ត្រីខាងលើនេះទៀតថា លោកស្រីបានរៀបការ ៣២ឆ្នាំហើយ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយដែលប្តីលោកស្រីញៀនរឿងស៊ិចកាន់តែខ្លាំងនោះ គឺលោកស្រីតែងតែទទួលរងគ្រោះទាំងផ្លូវចិត្ត និងផ្លូវកាយដោយសារតែប្តីលោកស្រីប្រើប្រាស់សកម្មភាពនានាមកលើលោកស្រី ទៅតាមភាពយន្តដែលខ្លួនបានទស្សនា។ ករណីបណ្តឹងស្រដៀងគ្នានេះក៏ធ្លាប់កើតមាននៅឆ្នាំ២០១៥ ម្តងដែរ ប៉ុន្តែមិនបានសម្រេចនោះទេ ដោយរដ្ឋាភិបាលឥណ្ឌាបានអនុញ្ញាតឲ្យបើកវែបសាយស៊ិចឡើងវិញកាលពីខែសីហា ឆ្នាំ២០១៦ ក្រោយរងការរិះគន់ខ្លាំងពីអ្នកលេងបណ្តាញសង្គមរាប់រយលាននាក់របស់ឥណ្ឌា៕