(ព្រៃវែង)៖ តំណាងរាស្រ្តវ័យក្មេងប្រចាំមណ្ឌលព្រៃវែង លោក ស សុខា ពេញមួយថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ
បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង និងក្រុមការងារថ្នាក់កណ្តាល ស្រុក/ឃុំ/ភូមិ នាំថវិកាមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ចែកជូនគ្រួសារប្រជាពលរដ្ឋ ស្រ្តីសម្រាលកូន និងគ្រួសារមរណ នៅឃុំព្រះស្តេច និងឃុំបឹងដោល សរុបចំនួន ៦៤គ្រួសារ ក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ការចែកជូនថវិកាទាំងនេះ ក្នុងមួយគ្រួសារទទួលបានថវិកា ២០០,០០០រៀល ព្រមទាំងប្រគល់ផ្ទះចំនួន ៣ខ្នងទៀត ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកចំនួន ៣គ្រួសារ ផងដែរ។
ជាមួយនឹងកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋ នាឱកាសនោះ ក្រុមការងារដែលដឹកនាំដោយ លោក ស សុខា ក៏បានចែកសម្ភារប្រើប្រាស់មួយចំនួន ដូចជា អង្ករ៥០គីឡូក្រាម កាបូបសិស្ស សម្លាក់បំពាក់ ស្បែកជើង ទឹកស៊ីអ៊ីវ មី និងថវិកាប្រើប្រាស់មួយចំនួនទៀត ដោយមានការសហការជាមួយ អង្គការ Operation HOPE Foundation៕