(ភ្នំពេញ)៖ ម៉ាស៊ីនរាវមីនប្រភេទ Vallon ដែលផលិតនៅប្រទេសអាល្លឺម៉ង់ ទាំងម៉ាស៊ីនរាវគ្រាប់ជំរៅជ្រៅៗ និងម៉ាស៊ីនរាវមីន សរុបចំនួន៧៨៨គ្រឿង ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ នេះបើតាមការអះអាងរបស់ លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC)។
ម៉ាស៊ីនរាវមីនប្រភេទ Vallon ចំនួន៧៨៨គ្រឿង មានតំលៃសរុបជិត៤លានដុល្លាអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ផ្តល់មករាជរដ្ឋាភិបាល ដើម្បីប្រគល់ជូនអង្គភាពស៊ីម៉ាក់។ ម៉ាស៊ីនទាំងនោះ បានទៅដល់ឃ្លាំងសំភារះស៊ីម៉ាក់ នាព្រឹកមិញនេះ។
លោក ហេង រតនា បានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook របស់លោកថា «មន្ត្រីជំនាញដោះមីន នៃអង្គភាពស៊ីម៉ាក់ បានប្រៀបធៀបម៉ាស៊ីនរាវមីនប្រភេទ Vallon នេះ ដូចជាទូរស័ព្ទ iPhone 7 Plus ដោយសារភាពទំនើបទាន់សម័យខាងបច្ចេកវិជ្ជា និងភាពធននឹងស្ថានភាពប្រតិបតិ្តការ!»៕