(កំពង់ចាម)៖ ខណៈក្រុងកំពង់ចាមកំពុងត្រៀមខ្លួនប្រកួតទីក្រុងស្អាតក្នុងអាស៊ាន អាជ្ញាធរខេត្តកំពង់ចាម សាទរក្រុមហ៊ុន ខ្មែរប៊ែវើរីជីស លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា ដែលបានបញ្ជូនរថយន្តសម្អាតផ្លូវធុនធ្ងន់ ចំនួនពីរគ្រឿង មកជួយសម្អាត ផ្លូវសំខាន់ៗក្នុងក្រុង រយៈពេល១៨ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៦កុម្ភៈ ឆ្នាំ២០១៧។
អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមលោក លន់ លឹមថៃ បានចាត់ទុកសកម្មភាពរបស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស លីមីតធីតថា ជាអំពើមនុស្សធម៌ ដ៏ថ្លៃថ្លា ក្នុងការរួមចំណែកទៅលើវិស័យបរិស្ថាន ជាពិសេស សោភ័ណភាព ទីក្រុងកំពង់ចាម។
លោកបានលើកឡើងទៀតថា «កន្លងមកនេះ ការសម្អាតបរិស្ថាន នៅតាមទីសាធារណៈ និងតាមវិថីនានា នៅក្នុងក្រុង កំពង់ចាម មានលក្ខណៈទ្រង់ទ្រាយតូច ដោយប្រើប្រាស់កម្លាំងកម្មករ បោសសម្អាតដោយដៃប៉ុណ្ណោះ តែនៅពេលនេះ រថយន្តទាំងពីរគ្រឿងរបស់ក្រុមហ៊ុនមានលក្ខណៈទំនើប ដែលនេះជំរុញឲ្យ ការសម្អាត ក្នុងក្រុងទាំងមូល កាន់តែប្រសើរឡើង ថែមទៀត ស្របពេលក្រុង កំពង់ចាមកំពុង ត្រៀមខ្លួន ចូលរួមប្រកួត ទីក្រុងស្អាត ក្នុងតំបន់អាស៊ាន ខាងមុខនេះ»។
លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជីស លីមីតធីត បានលើកឡើងថា ក្រុងកំពង់ចាមជាទីក្រុង ដែលស្អាត និងមានបរិស្ថានល្អ ហើយលោកសង្ឃឹមថា ការរួមចំណែកសម្អាតផ្លូវរយៈពេល១៨ថ្ងៃ របស់ក្រុមហ៊ុននេះ នឹងជួយឲ្យទីក្រុងកំពង់ចាមកាន់តែមានសោភ័ណភាពស្រស់ស្អាតថែមមួយកម្រិតទៀត។
លោកបន្ដថា «ក្រុមហ៊ុនពិតជាមានមោទនៈភាព ដែលបានចូលរួមចំណែកជំរុញក្រុងនេះ ឲ្យក្លាយជាទីក្រុងស្អាតមួយ ក្នុងតំបន់ អាស៊ាន ហើយខេត្តកំពង់ចាមជាខេត្តដំបូងគេក្នុងឆ្នាំ២០១៧ ដែលក្រុមហ៊ុនខ្មែរប៊ែវើរីជីស លីមីតធីត ចាប់ផ្តើមអនុវត្តយុទ្ធនាការ «ទីក្រុងស្អាត សុខភាពល្អ» ។
លោកបន្ថែមថា ក្រោមយុទ្ធនាការ «ទីក្រុងស្អាត សុខភាពល្អ» នេះ រថយន្តសម្អាតផ្លូវធុនធ្ងន់ទាំងពីរគ្រឿងនេះនឹងធ្វើដំណើរ ទៅគ្រប់ខេត្តក្រុង ដើម្បីជួយសម្អាតផ្លូវក្នុងក្រុងនីមួយៗឲ្យបានស្អាតល្អ រយៈពេលពេញមួយឆ្នាំ ដោយសហការណ៍ ជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធនានា៕