Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សប្ដាហ៍ក្រោយនេះ លេខាធិការដ្ឋានអចិន្រ្ដៃយ៍ នឹងរៀបចំកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី «កម្មវិធីយុវជន ក្នុងបុព្វហេតុកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តធម៌»

17-02-2017 16:59

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ សប្តាហ៍ក្រោយនេះ លេខាធិការដ្ឋានអចិន្រ្ដៃយ៍ នៃគណៈកម្មាធិការដឹកនាំ​ការប្រែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នឹងរៀបចំកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី «កម្មវិធីយុវជន ក្នុងបុព្វហេតុកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌» រវាងលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ មហាវិទ្យាល័យច្បាប់ និងកិច្ចការសាធារណៈ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងសមាគមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ។ នេះបើតាមសេចក្ដីជូនដំណឹង របស់លេខាធិការដ្ឋានអចិន្រ្ដៃយ៍ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

កម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងធ្វើឡើងក្រោមអធិបតីភាព លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលនឹងធ្វើឡើងនៅក្នុងទីស្តីការក្រសួងយុត្តិធម៌។

សូមជម្រាបថា ភាគីនៃអនុស្សរណៈ នឹងធ្វើរួមគ្នានូវសកម្មភាពផ្សព្វផ្សាយច្បាប់ជារៀងរាល់ឆ្នាំ ដែលមានសារៈប្រយោជន៍​ដល់យុវជន និងមានការចូលរួមពីយុវជន ដែលក្នុងនោះកម្មវិធីរួមមាន៖ ទី១៖ កម្មវិធីទិវាវិជ្ជាជីវៈច្បាប់ និងយុត្តិធម៌ ទី២៖ កម្មវិធីប្រកួតប្រជែង តុលាការប្រឌិត ទី៣៖ កម្មវិធីប្រកួតប្រជែងក្នុងកិច្ចពិភាក្សាតទល់ផ្នែកច្បាប់ ទី៤៖ កម្មវិធីប្រកួតប្រជែង​សរសេអត្ថបទ វិភាគផ្នែកច្បាប់ និងតុលាការ និងទី៥.កម្មវិធីផ្សេងៗទៀត ដែលមានការឯកភាពគ្នា​រវាងភាគីនៃអនុស្សរណៈ៕