(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយលោក Le Minh Hung ទេសាភិបាលធនាគាររដ្ឋវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅលើការងារចម្បងៗនៃមុខងារភារកិច្ចរបស់ធនាគារកណ្ដាល។
ការចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងគោលបំណងពង្រឹងចំណងសាមគ្គីភាព ភាតរភាព មេត្រីភាព និងកិច្ចសហប្រតិបត្តិការល្អជាប្រពៃណីដែលជាស្ថាប័ន ក៏ដូចជាប្រទេសទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ ផ្លាសប្ដូរព័ត៌មាន ស្ដីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការរីកចម្រើន វិស័យធនាគារព្រមទាំងពិនិត្យមើលពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ជាពិសេសកំណត់ទិសដៅអាទិភាពចម្បងៗ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាប្រពៃណីឲ្យកាន់តែរឹងមាំប្រកបដោយចីរភាព សម្រាប់ជាគុណប្រយោជន៍ ដល់ស្ថាប័ន និងប្រទេសទាំងពីរ។
ក្រៅពីជំនួបនេះ ភាគីទាំងពីរក៏បានចុះអនុស្សរណៈ លើការយោគយល់ទៅលើអនុស្សរណៈថ្មី ដែលបានធ្វើបច្ចុប្បន្នកម្មលើអនុស្សរណៈយោគយល់ចាស់តាំងពីឆ្នាំ២០០៧ ស្របតាមការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរបស់ធនាគារកណ្ដាលទាំងពីរ និងការរីកចម្រើននៃទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។ អនុស្សរណៈយោគយល់ថ្មីនេះ នឹងបើកលទ្ធភាពឲ្យមន្ដ្រីនៃធនាគារកណ្ដាលទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ និងស៊ីជម្រៅទៅលើការងារចម្បងៗនៃមុខងារ ភារកិច្ចរបស់ធនាគារកណ្ដាល៕
សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖