(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសណែនាំយ៉ាងម៉ឺងម៉ាត់ដល់លោក ម៉ែន សុចិត្រ នាយកបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងជានាយកខុទ្ទកាល័យលោករដ្ឋមន្ត្រី ឱ្យខំប្រឹងដោះស្រាយបញ្ហាដែលមានភាពស្មុគស្មាញ នៃការផ្តល់សេវាបើកប្រាក់សោធននិវត្តដល់និវត្តជន និងគ្រួសារសពនិវត្តជន។
ស្របពេលកំពុងមានអាស្រូវជុំវិញបញ្ហាបើកប្រាក់សោធននិវត្តជូននិវត្តជន និងគ្រួសារសពនិវត្តជននេះ លោក ម៉ម រីម វ័យ៤៤ឆ្នាំ មានទីលំនៅស្រុកឈូក ខេត្តកំពត ជាកូនប្រុសរបស់សពលោក ទេស សិ ដែលទទួលមរណភាព ក្នុងវ័យជាង៧០ឆ្នាំ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះឲ្យដឹងថា ក្រសួងនៅជំពាក់ប្រាក់ខែសពឪពុករបស់គាត់ចំនួន៣ខែ តាំងពីខែ៤-៥-៦ ឆ្នាំ២០១៦មកម៉្លេះ គឺមិនទាន់បានបើកទេជិត១ឆ្នាំហើយ ប្រាក់ខែរបស់ឪពុកលោក ម៉ម រីម ក្នុងមួយខែចំនួន៣៦ម៉ឺនរៀល។
លើសពីនោះទៀត លោកបានបញ្ជាក់ថា ចំណែកប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀលពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្រាប់ឱកាសចូលឆ្នាំខ្មែរកន្លងទៅនោះក៏មិនទាន់បានបើកដែរ។
លោក ម៉ម រីម បានអះអាងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រាក់ខែរបស់ឪពុកគាត់សរុប៣ខែ មានចំនួន១,០៨០,០០០រៀល បូកជាមួយប្រាក់ ឧបត្ថម្ភចូលឆ្នាំ៥ម៉ឺនរៀលទៀតទាំងអស់៖ ១,១៣០,០០០រៀល។ លោកសំណូមពរឲ្យក្រសួងពាក់ព័ន្ធ ជាពិសេសបេឡាជាតិសន្តិសុខសង្គមសម្រាប់ មន្ត្រីរាជការស៊ីវិល មេត្តាជួយឆាប់បើក ប្រាក់ជូនគាត់ផង ព្រោះពេលនេះក្រុមគ្រួសារគាត់កំពុងខ្វះខាត។
លោក ម៉ែន សុចិត្រ នាយកបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី បានលើកឡើងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៧ របស់ក្រសួងសង្គមកិច្ចថា បញ្ហាបើកប្រាក់ សោធននិវត្តជូននិវត្តជន និងគ្រួសារសពនិវត្តជននេះ ខាងបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បានដោះស្រាយយ៉ាងរលូនហើយ មិនមានបញ្ហាអ្វីនោះទេ។
លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានថ្លែងប្រាប់ឲ្យដឹងថា លោកសុំច្រានចោលព័ត៌មានចោទប្រកាន់នេះ និងសុំមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះ។
សូមជំរាបថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៧ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាទីស្តីការក្រសួង កាលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ លោករដ្ឋមន្ត្រី វង សូត ក៏បានសម្តែងការប្រតិកម្មភ្លាមៗផងដែរ ជុំវិញបញ្ហាបើកប្រាក់សោធននិវត្តនេះ និង បានណែនាំឲ្យមន្រ្តីធ្វើយ៉ាងណា ត្រូវខិតខំបើកប្រាក់សោធននិវត្តជូននិវត្តជន និងគ្រួសារសពនិវត្តជនឲ្យបានទៀងទាត់ ជៀសវាងការរិះគន់ពីមន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ។
ការថ្លែងប្រតិកម្ម និងណែនាំដល់មន្រ្តីបេឡាជាតិសន្តិសុខសង្គមបែបនេះ ធ្វើឡើងបន្ទាប់ពីមានការបង្ហោះជាសាធារណៈលើបណ្តាញសង្គម Facebook ដែលបានរិះគន់យ៉ាងខ្លាំងចំពោះភាពយឺតយ៉ាវក្នុងការផ្តល់សេវាប្រាក់សោធននិវត្ត និងមិនព្រមដោះស្រាយបញ្ហាដល់ក្រុមគ្រួសារ ដែលជាជនរងគ្រោះរបស់បេឡាជាតិសន្តិសុខសង្គម៕