(ភ្នំពេញ)៖ ពលការិនីខ្មែរពីរនាក់ ត្រូវបានក្រសួងការបរទេសជួយអន្តរាគមន៍ ឲ្យត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីពួកគេមិនអាចទ្រាំនឹងការលំបាកជាមួយការងារ និងចង់ត្រឡប់មកកម្ពុជាវិញ។ នេះបើតាមការបញ្ជាក់របស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
បើតាម លោក ជុំ សុន្ទរី បានឲ្យដឹងថា ពលការិនីទាំងពីររូបនេះឈ្មោះ ផ.ច.ថ មកពីខេត្តកំពង់ឆ្នាំង បានធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនថៃទៅម៉ាឡេស៊ី ធ្វើការជាអ្នកបោសសំអាត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក គាត់បានស្នើសុំស្ថានទូតនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ជួយទាមទារប្រាក់ខែដែលនៅសល់ពីនិយោជក និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជកបានយល់ព្រមប្រគល់ប្រាក់ខែ ដែលនៅសល់ និងលិខិតឆ្លងដែនជូនពលការិនី នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ពលការិនីម្នាក់ទៀតឈ្មោះ ថ.ស.ធ មកពីស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើដំណើរដោយខុសច្បាប់ តាមរថយន្តកាត់តាមព្រំដែនថៃ ទៅម៉ាឡេស៊ី ដើម្បីធ្វើការងារតាមផ្ទះ តាំងពីខែកញ្ញា ឆ្នាំ២០១៦។ ដោយចង់ត្រឡប់មកកម្ពុជាវិញ នាងបានស្នើស្ថានទូតជួយសម្រួលនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា ពលការិនី ផ.ច.ថ និង ថ.ស.ធ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង០៧៖៥០នាទីព្រឹក តាមជើងយន្តហោះAK៥៣៦។ ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជា ស្ថានទូតបានផ្តល់ការស្នាក់នៅនិងអាហារបរិភោគជូនដល់ពលការិនី ទាំង២នាក់ផងដែរ៕