(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចេញដំណឹង ស្ដីពីការមិនអនុញ្ញាតឲ្យដល់ម្ចាស់ រថយន្តដឹកទំនិញគ្រប់ប្រភេទ និងរថយន្តដឹកអ្នកដំណើរប្រភេទធំ ឆ្លងកាត់តំបន់ការដ្ឋានផ្លូវជាតិលេខ៤ ចន្លោះពីផ្លូវកប់ស្រូវ ដល់រង្វង់មូលចោមចៅ និងការដ្ឋានផ្លួវជាតិលេខ៥ ចន្លោះពីស្ពានព្រែកព្នៅ ទៅដល់ស្ពានជ្រោយចង្វារ ចាប់ពីម៉ោង០៦៖០០នាទី ដល់ម៉ោង ០៩៖០០នាទីព្រឹក និងម៉ោង ៤៖០០នាទីល្ងាច ដល់ម៉ោង ៨៖០០នាទីយប់ ដើម្បីបន្ថយការកកស្ទះចរាចរ និងពន្លឿននៃការសាងសង់ ឲ្យបានឆាប់ចប់ តាមផែនការកំណត់ នាពេលខាងមុខ។
បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដំណើរការនៃការដ្ឋាន ពង្រឹកកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីផ្លូវកប់ស្រូវដល់រង្វង់មូលចោមចៅសម្រេចបានលទ្ធផល៧០%ហើយ ក្នុងពេលនេះការដ្ឋានកំពុង ជំរុញល្បឿនសាងសង់ ប៉ុន្តែមានបញ្ហា ការកកស្ទះចរាចរ នៅទីតាំងការដ្ឋាន និងទីតាំងរង្វង់មូលចោមចៅជាញឹកញាប់ ។
ក្នុងសេចក្ដីជូនដំណឹងបានបន្ថែមទៀតថា ម្យ៉ាងទៀត ដោយសារដំណើរការការដ្ឋានស្ថាបនាពង្រឹកផ្លូវជាតិលេខ៥ ចំនួន២ការដ្ឋាន នៅចំណុចស្វាយប៉ាក និងចំណុចឫស្សីកែវ រដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា មានការកកស្ទះចរាចរជាខ្លាំងនៅចំណុច ការដ្ឋានទាំង២ខាងលើ ។
ទន្ទឹមនឹងការមិនអនុញ្ញាតឱ្យរថយន្តធុនធំ បើកបរនៅលើផ្លូវទាំងពីរនេះ អាជ្ញាធរក៏បានណែនាំឱ្យរថយន្តទាំងនោះ បើកបរតាមផ្លូវមួយ ចំនួនទៀតផងដែរ ដើម្បីបញ្ចៀសការកកស្ទះ ដែលមានបង្ហាញដូចខាងក្រោម៖