(កំពង់ចាម)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ លោកសាស្ត្រាចារ្យ ធា គ្រុយ បានប្រាប់ទៅ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ជាប់ជាប្រចាំ ដោយមិនលោភលន់ពេក មិនប្រមាថ មិនត្រូវមាក់ងាយស្ថានភាពជំងឺ និងត្រូវគោរពច្បាប់ទាំងឡាយដែលពាក់ព័ន្ធ។
ថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅសាលាខេត្តកំពង់ចាម ដែលមានការចូលរួមពី លោក រុំ តិក្ខមុនី អភិបាលរងខេត្តកំពង់ចាម ប្រធាននិងមន្ត្រី សុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម ព្រមទាំងលោក លោកស្រីគណៈវិជ្ជាជីវៈទាំង៥ វេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី គិលានុបដ្ឋាកយិកា ឆ្មប និងសេវាឯកជនស្របច្បាប់១,១៥៥នាក់។
លោកសាស្ត្រាចារ្យ ធា គ្រុយ បានបញ្ជាក់ថា «ក្នុងវិស័យសាធារណៈ គេបានមើលឃើញចំណុចខ្វះចន្លោះ ជាមេរៀនបទពិសោធន៍ ហ្ចឹងសូមសំណូមពរដល់ មន្ត្រី និងបុគ្គលិកសុខាភិបាល ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តឲ្យបានល្អជាប់ជាប្រចាំ នូវក្រមសីលធម៌ដោយមិន លោភលន់ពេក មិនប្រមាថ និងមាក់ងាយស្ថានភាពជំងឺ និងគោរពច្បាប់ទាំងឡាយដែលពាក់ព័ន្ធ»។
លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានថ្លែងថា ស្របពេលដែលរដ្ឋាភិបាលបាននិងកំពុង បន្តអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា មន្ទីរសុខាភិបាលខេត្ត ក៏បានយកចិត្តទុកដាក់ ចុះត្រួតពិនិត្យតាមដាន និងមានវិធានការ ទប់ស្កាត់នូវរាល់ទីតាំង ផ្តល់សេវាឯកជន ដែលកន្លងមក បានប្រព្រឹត្តបំផ្លើសឬធ្វើហួស ដែនកំណត់ នៃលក្ខខ័ណ្ឌបច្ចេកទេសរបស់វិជ្ជាជីវៈនីមួយៗ ព្រមទាំងបានរឹតបន្តឹងដល់ការិយាល័យ ស្រុកប្រតិបត្តិ ឲ្យតាមឃ្លាំមើល ការប្រព្រឹត្តរបស់អ្នកប្រកបវិជ្ជាជីវៈ ដែលខុសឆ្គង ដើម្បីឆាប់មានចំណាត់ការកែលម្អ។
លោកសាស្ត្រាចារ្យ ធា គ្រុយ បានធ្វើការពន្យល់យ៉ាងលម្អិត អំពីមាត្រានីមួយៗ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យ សុខាភិបាល ដើម្បីឲ្យសិក្ខាកាមយល់ច្បាស់ ក្នុងការយកទៅអនុវត្តបានត្រឹមត្រូវ។
លោកសាស្ត្រាចារ្យបានបន្តថា «ច្បាប់នេះ ក៏មានគោលដៅកំណត់អំពីវិធានការ និងនីតិវិធី សម្រាប់គ្រប់គ្រងអ្នកប្រកប វិជ្ជាជីវៈសុខាភិបាល និងការប្រកបវិជ្ជាជីវៈសុខាភិបាលផងដែរ»។
គួររំលឹកដែរថា ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលនេះ មាន៣៥មាត្រា ដែលរដ្ឋសភាបានអនុម័តកាលពី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នាសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៣ ដែលច្បាប់នេះ មានគោលបំណងការពារសុខភាព និងសុវត្ថភាពរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់នូវយន្តការ ក្នុងការធានាថា អ្នកប្រកប វិជ្ជាជីវៈសុខាភិបាល ទាំងអស់មានគុណវុឌ្ឍិ សមត្ថភាព និងសម្បទាគ្រប់គ្រាន់ ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន៕