(ក្រចេះ)៖ អគ្គិភ័យបានឆេះបំផ្លាញផ្ទះ១ខ្នង បានបណ្ដាលឲ្យស្រ្តីវ័យចំណាស់អាយុ៩៦ឆ្នាំស្លាប់ នៅក្នុងភ្នក់ភ្លើងសល់តែឆ្អឹងយ៉ាងវេទនា និងមនុស្ស២នាក់ទៀតរងរបួស។ គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
លោក ប៊ុន ឈឿន អធិការនគរបាល ស្រុកសំបូរ បានបញ្ជាក់ឲ្យដឹងថា «គ្រោះអគ្គិភ័យឆាបឆេះនេះបំផ្លាញផ្ទះ១ខ្នង ទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ដំបូលស្បូវជញ្ជាំងក្ដារ ដែលបណ្តាលមកពីទុស្សអាគុយចាស់ ហើយឆាបឆេះពេលដែលម្ចាស់ផ្ទះកំពុងដេកលង់លក់ បណ្ដាលឲ្យស្រ្តីវ័យចំណាស់ម្នាក់ស្លាប់ ក្នុងភ្លើងសល់តែឆ្អឹង និងរងបួសចំនួន២នាក់»។
លោកអធិការបានបន្ដទៀតថា ស្រ្តីវ័យចំណាស់ដែលស្លាប់ក្នុងភ្នក់ភ្លើងនោះ មានឈ្មោះ យិន ចាន់ អាយុ៩៦ឆ្នាំ និងម្ចាស់ផ្ទះឈ្មោះ ឈា ណោម អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ែន សារី អាយុ៥៤ឆ្នាំ រស់កន្លែងកើតហេតុរងបួសឆេះសក់ក្បាលអស់។ ទ្រព្យសម្បិត្តដែលត្រូវបានខូចខាតរួមមាន៖ ម៉ាស៊ីនត្រង់ស៊ីន័រ១គ្រឿង និងអង្ករ១០គីឡូក្រាម និងសម្ភារផ្សេងៗទៀត ឆេះអស់ទាំងស្រុង គ្មានសល់អ្វីនិងខ្លួនទាល់តែសោះ៕