(ភ្នំពេញ)៖ ក្រោយពេលសាកសួររយៈពេលជិត៣ម៉ោង នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញារង សៀង សុខ បានសម្រេចឃាត់ខ្លួន លោក គឹម សុខ អ្នកវិភាគនយោបាយហើយ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ» នេះបើយោងតាមលិខិត កំណត់ហេតុស្តីពីការឃាត់ខ្លួនរបស់ព្រះរាជអាជ្ញា ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។

នៅក្នុងកំណត់ហេតុស្តីពីការឃាត់ខ្លួនរបស់ព្រះរាជអាជ្ញារង សៀង សុខ បានសរសេរថា៖ «សម្រេចឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម សុខ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅវេលាម៉ោង១៣៖៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ»

លោក គឹម សុខ ត្រូវបានព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ កោះហៅឱ្យចូលឆ្លើយបំភ្លឺតាមការកំណត់នៅ វេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈនេះ ពាក់ព័ន្ធនឹងករណីចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន។ ចំពោះការចូលទៅបំភ្លឺថ្ងៃនេះ លោក គឹម សុខ បានដើរដង្ហែតាមផ្លូវ ដោយមានព្រះសង្ឃ សកម្មជនដីធ្លី និងយុវជនមួយចំនួន អមដំណើរចេញពីវត្តចាស់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលធ្វើឱ្យលោកមានការយឺតយ៉ាវក្នុងការចូលបំភ្លឺរហូតដល់ជាង២ម៉ោង។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តាមរយៈ លោក គី តិច មេធាវីរបស់សម្តេច បានដាក់ពាក្យប្តឹង លោក គឹម សុខ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីលោក គឹម សុខ និយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន។ ចំពោះករណីនេះ សម្តេចតេជោ ហ៊ុន សែន បានទាមទារសំណងជំងឺចិត្ត៥០ម៉ឺនដុល្លារពីលោក គឹម សុខ។

លោក គឹម សុខ ក៏ត្រូវបានប្តឹងមួយករណីទៀត ដោយមេធាវីការពារក្តីឱ្យសម្តេចតេជោ ហ៊ុន សែន ចំពោះករណីដែលលោកបានចោទរាជរដ្ឋាភិបាលកម្ពុជា រៀបចំប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ។ កាលពីម្សិលមិញលោក គឹម សុខ ក៏បានស្នើសុំពន្យារពេលចូលបំភ្លឺ ចំពោះករណីនេះផងដែរ ប៉ុន្តែត្រូវបាន លោក សៀង សុខ ព្រះរាជអាជ្ញារង ដែលកាន់សំណុំរឿងនេះមិនអនុញ្ញាតទេ៕