(ភ្នំពេញ)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងនាមជាអធិបតីភាព នៃពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន១០៥នាក់ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានលើកឡើងថា យុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព។

លោកស្រីអនុប្រធាន បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព» ហើយនៅគ្រប់សម័យកាល គ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គ ការលំបាកនានា ពិសេសយុវជន គឺជាសសរទ្រូងរបស់ប្រទេសជាតិ ទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។

ជាមួយគ្នានោះ កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «សង្រ្គោះជីវិត ផ្លាស់ប្ដូរផ្នត់គំនិត» នៃយុទ្ធសាស្ត្រ ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា។

ពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានេះ បានធ្វើនៅវិទ្យាល័យវ៉ារិន ស្រុកវ៉ារិន។ ក្នុងឱកាសដែរ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកស្រី ក៏បានឧបត្ថមថវិកាចំនួន ១,០៥០,០០០រៀល ដល់យុវជនកាកបាទក្រហម ទាំង១០៥នាក់ មកវិទ្យាល័យវ៉ារិន អនុវិទ្យាល័យរំដួល និងអនុវិទ្យាល័យស្រែណូយ ដែលទើបនឹងបំពាក់កន្សែងរួចរាល់ នៅថ្ងៃនេះផងដែរ៕