(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ដែលជាសមាជិកគណៈកម្មការនីតិកម្ម នៃក្រសួងពាណិជ្ជកម្ម រៀបចំលិខិតផ្លូវការណ៍ ជាបន្ទាន់មួយដើម្បីផ្ញើជូន លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទាក់ទិននឹងការកំណត់ ថេរវេលា សម្រាប់ការអនុវត្តលិខិត តំកល់ភតិសន្យាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។
ការណែនាំនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំ នីតិវិធីពិសេសសម្រាប់ប្រតិបត្តិការដែលមានកិច្ចធានានិងភតិសន្យាហិរញ្ញវត្ថុ នៅឯក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលមានការចូលរួមពីមន្ត្រីមកពី អន្តរក្រសួងប្រមាណជាង៣០រូប។
តាមរយៈចំណាត់ការនេះ គេរំពឹងថា នឹងជួយទម្លាយភាពជាប់គាំង នៃការមិនអាចអនុវត្តន៍ បានចំពោះភតិសន្យាហិរញ្ញវត្ថុ ដែលមានសារសំខាន់សម្រាប់ជួយសហគ្រាសធុនតូច និងធុនមធ្យម (SMEs) ឬប្រជាកសិករ ឲ្យទទួលបានហិរញ្ញប្បទាន ស្របច្បាប់កាន់តែច្រើន ពីស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីយកទៅពង្រីកប្រតិបត្តិការអាជីវកម្ម ឬប្រើប្រាស់ផ្ទាល់ខ្លួន។
នៅកម្ពុជាការអនុវត្តវិស័យភតិសន្យា ត្រូវផ្អែកលើទិដ្ឋភាពច្បាប់ សំខាន់ៗចំនួនបីជាគោលគឺ៖ ច្បាប់ស្តីពីប្រតិបត្តិការ ដែលមានកិច្ចធានារបស់ក្រសួងពាណិជ្ជកម្ម, ច្បាប់ស្តីពីភតិសន្យាហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា និងច្បាប់ស្តីពីក្រមរដ្ឋប្បវេណីរបស់ក្រសួងយុត្តិធម៌។
កន្លងទៅដើម្បីសម្រួលដល់ការអនុវត្តវិស័យភតិសន្យានេះ ឲ្យមានមានប្រសិទ្ធភាពខ្ពស់ ប្រមុខរាជនៃរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យ មានការរៀបចំនីតិវិធីពិសេស ក្នុងរូបភាពជាច្បាប់ថ្មី សម្រាប់ប្រតិបត្តិការ ដែលមានកិច្ចធានា និងភតិសន្យាហិរញ្ញវត្ថុ ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកសម្របសម្រួល និងដឹកនាំការងារនេះ៕