(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា បានជំរុញឲ្យម្ចាស់ក្រុមហ៊ុនធំចំនួន២ ដែលរកស៊ីជួញដូរលើផ្នែកទីផ្សារនិស្សន្ទ (ការលក់ឧបករណ៍ហិរញ្ញវត្ថុ) ត្រូវពង្រឹង និងពង្រីកទីផ្សាររបស់ខ្លួន នៅប្រទេសកម្ពុជា និងធ្វើឲ្យអតិថិជនមានទំនុកចិត្ត។

លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន រ៉ូយ៉ាល់ហ្វាយនែនសល ខបផូរ៉េសិន និងក្រុមភ្នំពេញ ស៊ីយ្យូរីធីភីអិស៊ី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគាកំាបូឌីយ៉ាណា ថា ការចុះអនុស្សារណៈថ្ងៃនេះ គឺបង្ហាញពីការការជំរុញកំណើនទីផ្សារនិស្សន្ទ នៅកម្ពុជា។

លោកបញ្ជាក់ថា «ការចាប់ដៃគ្នារបស់ក្រុមហ៊ុនធំៗនេះ គឺបង្ហាញពីភាពមានទំនុកចិត្ត លើទីផ្សារនិស្សន្ទ កាន់តែច្បាស់នៅពេលនេះ។ ថ្ងៃនេះគឺជាវត្តមានមួយទៀត ដែលជំរុញឲ្យទីផ្សារឧបករណ៍និស្សន្ទដំណើរការ ប្រកបដោយទំនុកចិត្ត»
 
លោក ស៊ូ សុជាតិ បានឲ្យដឹងគណៈកម្មការមូលបត្រកម្ពុជា បានបញ្ចប់បទប្បញ្ញាត្តិទាក់ទង និងទីផ្សារឧបករណ៍និស្សន្ទ នៅឆ្នាំ២០១៦ ក្នុងនោះមានក្រុមហ៊ុនសមភាគីកណ្តាល ចំនួន៤ និងក្រុមហ៊ុនឈ្មួញជើងសារ ចំនួន៦។ ជាមួយគ្នានោះដែរ លោក ស៊ូ សុជាតិ ក៏បានឲ្យដឹងថា គណៈកម្មការមូលបត្រកម្ពុជា និងឈប់ទទួលពាក្យការផ្តល់អាជ្ញាបណ្ណក្រុមហ៊ុនសមភាគីកណ្តាល និងទទួលពាក្យ ចាប់ពីដើមខែមីនា តទៅផងដែរ។

លោក លឹម តុលា អភិបាលក្រុមហ៊ុនរ៉ូយ៉ាល់ហ្វាយនែនសល ខបផូរ៉េសិន អិលធីឌី ហៅកាត់ថា RFC គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនដ៏ធំ និងជោគជ័យជាងគេ នៅកម្ពុជា លើទីផ្សាររូបិយប័ណ្ណអន្តរជាតិ។

លោក លឹម តុលា បានបន្តថា ពិធីចុះហត្ថលេខាលើអនុស្សរណៈ រវាងក្រុមហ៊ុនរ៉ូយ៉ាល់ហ្វាយនែនសល ខបផូរ៉េសិន អិលធីឌី និងក្រុមហ៊ុនភ្នំពេញ ស៊ីឃ្យូរីធី ដើម្បីចាប់ដៃគូរវិនិយោគ ដើម្បីជួយពង្រីងវិស័យហិរញ្ញវត្ថុស្របច្បាប់ ឲ្យមានភាពរីកចម្រើន និងផ្តល់ទំនុកចិត្តខ្ពស់ ដល់អតិថិជនក្នុងការរកប្រាក់ចំណេញបនែ្ថម ហើយក្រុមហ៊ុននឹងសហការគ្នាធ្វើឲ្យវិស័យ ជួញដូរឧបករណ៍និស្សន្ទ មានភាពទូលំទូលាយ និងចូលរួមចំណែកក្នុងការផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋកម្ពុជា នឹងជូយកំណើនសេដ្ឋកិច្ចជាតិ។

លោក Stephen Hsu នាយកក្រុមហ៊ុន ភ្នំពេញ ស៊ីឃ្យូរីធី បានលើកឡើងថា ការចុះអនុស្សរណៈនេះ មានន័យថាក្រុមហ៊ុន រ៉ូយ៉ាល់ហ្វាយនែនសល ខបផូរ៉េសិន អិលធីឌី គាំទ្រដល់សហប្រតិបត្តិការណ៍ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀត ដល់ដៃគូវិនិយោគគឺ ក្រុមហ៊ុន ភ្នំពេញ ស៊ីឃ្យូរីធី ភីអិលស៊ី ដោយតម្លាភាព និងទំនុកចិត្ត ហើយនឹងចែករំលែកនូវយុទ្ធសាស្រ្តក្នុងការ ជួញដូរ និងគ្រប់គ្រងលើហានិភ័យឲ្យមានប្រសិទ្ធភាព រួមទាំងបងើ្កតនូវវគ្គបណ្តុះបណ្តាលល្អៗ ដើម្បីពង្រឹងនូវសមត្ថភាព បទពិសោធន៍ និងជំនាញដល់វិនិយោគិន និងសាធារណជន។

គួរបញ្ជាក់ថា ទីផ្សារឧបករណ៍និស្សន្ទ គឺជាការលក់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានតម្លៃដោយប្រសិទ្ធភា នៃទ្រព្យសកម្ម ការប្រាក់ អត្រាប្តូរប្រាក់ ឬសន្ទស្សន៍  ឬអត្រាលក់ដូរមាស ប្រាក់ ជាដើម៕