(ភ្នំពេញ)៖ លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រោយរួមសហការគ្នា ចេញអនុវត្តន៍យុទ្ធនាការទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមព្រំដែន កម្ពុជា-វៀតណាម ជាបន្តបន្ទាប់មកនេះ ភាគីទាំងពីរបានសម្រេចលទ្ធផលការងារ គួរឲ្យកត់សម្គាល់ ពោលគឺសម្រេចបានស្ទើរតែ១០០ភាគរយ។
លោករដ្ឋលេខាធិការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ ពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំ ដំណើរការផែនការសហប្រតិបត្តិការ ឆ្នាំ២០១៧ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
លោកបញ្ជាក់ថា «មែនទែនទៅស្ទើរតែ១០០ភាគរយ (ទប់ស្កាត់) ព្រោះគ្រឿងញៀនមិនដែលមានពីវៀតណាមមកទេ គឺមានតែមកពីតំបន់ត្រីកោណមាស ឆ្លងកាត់កម្ពុជាទៅវៀតណាម ប៉ុន្តែទាំងអស់នេះ សុទ្ធតែមានវិធានការ និងទទួលបានជោគជ័យទាំងអស់តែម្តង»។
លោក ឯម សំអាន បានបន្តថា កម្ពុជា-វៀតណាម មានទំនាក់ទំនងល្អ នាពេលកន្លងមក ហើយនៅឆ្នាំ២០១៨ ខាងមុខ ភាគីទាំងពីរនឹងបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្នា ឲ្យល្អបន្ថែមទៀត ទៅលើផ្នែកការពារសន្តិសុខ នៅតាមបណ្តោយព្រំដែន និងគ្រប់គ្រងការចេញ-ចូល រវាងពលរដ្ឋប្រទេសទាំងពីរ។
លោករដ្ឋលេខាធិការបានបន្ថែមថា បទល្មើសជួញដូរមនុស្ស បទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន គឺគ្រប់គ្រងបានយ៉ាងហ្មត់ចត់ និងទាន់ពេលវេលាត្រឹមត្រូវ។
ទាក់ទងទៅនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន តាមសំណង់អាណាធិបតេយ្យដ៏ស្មុគស្មាញ នៅតំបន់ត្រពាំងឈូកវិញ លោករដ្ឋលេខាធិការ ឯម សំអាន បានបញ្ជាក់ថា «កម្លាំងសមត្ថកិច្ចកំពុងស្ថិតនៅក្នុងយុទ្ធនាការបង្រ្កាប ជំហានទី១ ដែលកំពុងធ្វើសុក្រិតភាពនៅឡើយ ទប់ស្កាត់មិនឲ្យបទល្មើលគ្រឿងញៀន កើតឡើងនៅទីនោះទៀត ដោយបានយកចិត្តទុកដាក់ ក្នុងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ព្រោះតំបន់ត្រពាំងឈូកនេះ មិនមែនជាកន្លែងផលិតនោះទេ»៕