(ភ្នំពេញ)៖ អង្គប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានកំណត់ឱ្យធនាគារអេស៊ីលីដា ដែលជាធនាគារល្បីមួយនៅកម្ពុជា ដូរឡូហ្គោរូបហង្សចេញ ដើម្បីធ្វើយ៉ាងណាកឱ្យច្រឡំជាមួយនឹង រូបឡូហ្គោ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមការផ្សព្វផ្សាយរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ការសម្រេចឱ្យធនាគារដ៏ធំមួយនេះ ដូររូបឡូហ្គោ បានធ្វើឡើងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងឡាយ បិទស្លាកថា មីក្រូហិរញ្ញវត្ថុគឺជារបស់ឯកជន មិនមែនជារបស់រដ្ឋ។ ជាមួយគ្នានេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីខាងលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដាក់បញ្ជាបំរាមដល់មន្រ្តីមូលដ្ឋានមិនឲ្យចូលរួមពាក់ព័ន្ធ នឹងសេវាកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុផងដែរ ដើម្បីបញ្ជៀសពីការយល់ច្រឡំរបស់សាធារណជន។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានរបៀបវារៈ២រួមមាន៖ ទី១៖ គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃមកភ្នំពេញ និងគម្រោងវិនិយោគ​បន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ បានអនុម័តរួចហើយ។ ទី២៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ»