(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានខិតខំសម្រឹតសម្រាំង ផលិតជាខ្សែវីដេអូអប់រំខ្លីស្តីពី របបចំណីអាហារ ដើម្បីផ្សព្វផ្សាយអំពីបញ្ហាសុខភាពដល់កម្មករនិយោជិត ឱ្យបាន យល់ដឹងអំពីការថែរក្សាសុខភាព ដោយតម្រូវឲ្យហូបស្អាត ផឹកស្អាត រស់នៅស្អាត។
នេះជាបញ្ហាចម្បង ដែលកម្មករនិយោជិត ត្រូវយកចិត្តទុកដាក់ជាដាច់ខាត សូមប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត ត្រូវចងចាំថា «ចំណីអាហារអាចទិញបាន ប៉ុន្តែសុខភាពមិនអាចរកទិញបានឡើយ»។
ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារក្នុង ឆ្នាំ២០១៦ បានចុះផ្សព្វផ្សាយអប់រំ អំពីបញ្ហាសុខភាពដល់កម្មករនិយោជិត បានចំនួន ៧៧លើក ស្មើនឹង ៧៧រោងចក្រ មានកម្មករចូលរួមចំនួន ១៣,០៤២នាក់ ដែលជាការកាត់ចំណែកទៅរកក្រុមសហជីព ប្រតិភូបុគ្គលិក ប្រធានក្រុម/ផ្នែកជាបុគ្គលសំខាន់ដែលមាន លទ្ធភាពផ្សព្វផ្សាយបន្ត។ ក្នុងនោះ នៅរាជធានីភ្នំពេញ មានចំនួន ៧០រោងចក្រ ស្មើនឹង ១២,០៧៩នាក់ ខេត្តកំពង់ស្ពឺ ចំនួន៦រោចចក្រ ស្មើនឹង ៨២៨នាក់ និងខេត្តតាកែវ ចំនួន១រោងចក្រ ស្មើនឹង ១៣៥នាក់។
សូមទស្សនាខ្សែវីដេអូអប់រំស្ដីពី ចំណីអាហារ ដូចខាងក្រោម៖