(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ កែច្នៃតំបន់អារ៉ែង ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដោយមិនអនុញ្ញាតឱ្យធ្វើវារីអគ្គិសនី នៅតំបន់នេះឡើយ។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
លោក ខៀវ កាញារីទ្ធ បានលើកឡើងយ៉ាងដូច្នេះថា «តំបន់អារ៉ៃមិនត្រូវធ្វើវារីអគ្គិសនីទេ តែត្រូវធ្វើជាតំបន់ទេសចរណ៍ធម្មជាតិវិញ - សម្តេចតេជោ ហ៊ុនសែន ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៧ កុម្ភៈ ២០១៧»។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំនេះមានរបៀបវារៈ២រួមមាន៖ ទី១៖ គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃមកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ។ ទី២៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ»។
ការស្នើឱ្យអភិវឌ្ឍតំបន់អារ៉ែង ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ធ្លាប់បានស្នើឡើងដោយ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនដើម្បីសង្គម នៅក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។ ជាមួយគ្នានេះយុវតីដែលកំពុងប្រឡូកក្នុងវិស័យ នយោបាយរូបនេះ ក៏បានស្នើឱ្យសម្តេចសាងសង់ផ្លូវ និងស្ពានប្រវែង១៨គីឡូម៉ែត្រ ចូលទៅតំបន់អារ៉ែង ទឹកដីខេត្តកោះកុង។ ឆ្លើយតបនឹងសំណើនេះ សម្តេចតេជោ ក៏បានយល់ព្រមភ្លាមៗផងដែរ។
ក្នុងវេទិកានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវ និងស្ពានខាងលើនេះ គឺដើម្បីជាប្រយោជន៍បម្រើដល់វិស័យទេសចរណ៍ និងប្រជាពលរដ្ឋនៅតំបន់ នោះ មិនមែនបម្រើដល់ការកាប់ឈើនោះឡើយ។ សម្តេចថា ត្រូវធ្វើយ៉ាងណាឲ្យតំបន់អារ៉ែង ក្លាយទៅជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ទេសចរ មកកម្សាន្ត និងទស្សនា៕