(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងមុននេះបន្តិចថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាពេលនេះអ្វីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់អារម្មណ៍នោះ គឺកម្ពុជាទទួលបានការផ្លាស់ប្តូរ ជាប្រវត្តិសាស្រ្តលើវិស័យថាមពល ឬអគ្គិសនីនេះ។
លោក ផៃ ស៊ីផាន បានដកស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «យើងចាប់ផ្តើមពីការរំដោះជីវិតប្រជាពលរដ្ឋពីការកាប់សម្លាប់របស់បន ប៉ុល ពត ក៏ប៉ុន្តែយើងក៏ទទួលនូវភាពប្រឈមបន្ថែមមួយទៀត គឺយើងគ្មានអគ្គិសនី ឬថាមពលទាំងអស់។ យើងចាប់ផ្តើមប្រើប្រាស់ភ្លើងពន្លឺចន្លុះ ភ្លើងពន្លឺកើតចេញពីការ ដុតផ្លាស់ស្ទីក ដែលយុវជនជំនាន់នេះពុំបានដឹង ឬមានបទពិសោធន៍។ នេះហើយជាការផ្លាស់ប្តូរមួយយ៉ាងធំធេង ដែលយើងទាំងអស់គ្នាទទួលបាន ភ្លើងអគ្គិសនីប្រើប្រាស់មិនត្រឹមត្រូវតែតាមទីប្រជុំជននោះទេ គឺចែកចាយដល់ជនបទថែមទៀតផង»។
លោក ផៃ ស៊ីផាន បានបន្តថា៖ នយោបាយអគ្គិសនីរបស់សម្តេចតេជោ ហ៊ុន សែន គឺមានទិសដៅចំពោះអ្នកក្រីក្រ ដើម្បីផ្តល់ឱកាសជូនគេទាំងអស់នោះ មានលទ្ធភាពប្រើប្រាស់ថាមពលអគ្គិសនីដោយតម្លៃសមរម្យគ្រប់ទីកន្លែង។ សម្តេចបានចេញគោលការណ៍យកកម្រៃនៃផលចំណេញពីការបង់ថ្លៃខ្ពស់ចូលរួមចែកចាយជាមួយ និងក្រុមគ្រួសារក្រីក្រមានចំណូលតិច។ នេះជាគោលការណ៍សមធររវាងអ្នកចំណូលខ្ពស់ និងចំណូលទាប។
នៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ពេលនេះនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអនុម័តទាំងស្រុងដោយគ្មានការកែប្រែនូវ «ស្តីពីគម្រោងវិនិយោគខ្សែ បញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ-ភ្នំពេញ និងគ្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិត អគ្គិសនីដុតធ្យូងថ្មអានុភាព ១៣៥ មេហ្កាវ៉ាត់១គ្រឿង នៅខេត្តព្រះសីហនុ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំនេះមានរបៀបវារៈចំនួន២នេះ រួមមាន៖
១៖ គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ មកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ។
២៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ»៕