Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តមួយគ្រឿង បើកបុករះបុរស២នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ពេលជិះកង់ និងម៉ូតូតាមផ្លូវហាណូយ

17-02-2017 09:38

(ភ្នំពេញ)៖ បុរស២នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម ពេលកំពុងជិះកង់ និងម៉ូតូតាមផ្លូវហាណូយ ស្រាប់តែត្រូវរថយន្ត មិនស្គាល់ម៉ាកបើកបុករះ នាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវហាណូយ កែងផ្លូវ១០៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាខាងលើ គេបានឃើញជនរងគ្រោះដែលស្លាប់ទាំង២នាក់ គឺម្នាក់ជិះកង់ និងម្នាក់ទៀតជិះម៉ូតូ តាមផ្លូវហាណូយលុះ ជិះមកដល់ត្រង់ផ្លូវហាណូយបំបែកទៅផ្លូវ១០៨៦ ក៏មានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក និងមិនចាំស្លាកលេខ បានបើកមកបុករះពីក្រោយ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។

សាក្សីបានបន្តទៀតថា បន្ទាប់ពីរថយន្តបង្ក បើកបុកបណ្តាលឲ្យជនរងគ្រោះស្លាប់ទាំង២នាក់ អ្នកបើកបររថយន្ត បានបន្ថែមល្បឿន បើករត់គេចបាត់ដោយបន្សល់ទុក នៅតែសពជនរងគ្រោះ ជាមួយមធ្យោបាយធ្វើដំណើរនៅកន្លែង កើតហេតុតែប៉ុណ្ណោះ។

ចុងក្រោយសពជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ចំណែកមធ្យោបាយទាំង២ ត្រូវសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យចរាចរណ៍រាជធានីភ្នំពេញ យកទៅរក្សាទុកដើម្បីរង់ចាំការ ដោះស្រាយគ្នាជាមួយគ្រួសារជនរងគ្រោះនៅពេលក្រោយ៕