(ភ្នំពេញ)៖ ការសិក្សារហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានរយៈពេលយ៉ាងតិចបំផុត ១៦ឆ្នាំ វាមិនមែនជារឿងងាយស្រួល និងសាមញ្ញនោះឡើយ សម្រាប់ជីវិតជាអ្នកសិក្សា នេះរាប់ត្រឹមអ្នកមានជីវភាពសមរម្យឡើងទៅ។ ការសិក្សារហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រនេះ វារឹត តែលំបាកថែមទៀត សម្រាប់អ្នកសិក្សាមានកម្រិតយ៉ាប់យឺន ឬហៅដោយភាសាសាមញ្ញថាក្រីក្រខ្លាំងនោះ បើមិនតស៊ូ មិនអត់ធ្មត់ មិនប្រឹងជម្នះរាល់ការលំបាកទាំងឡាយទេ ប្រហែលជាគ្មានថ្ងៃបានកាន់សញ្ញាបត្របរិញ្ញាក្នុងដៃនោះឡើយ។
តាំង មានរិទ្ធ ជាយុវជនដ៏ក្រីក្រមួយរូបមកពីភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានប្រឹងប្រែងជម្នះរាល់ការលំបាក ឧបសគ្គជីវិត និងបានដើរស៊ីឈ្នួលសព្វបែបយ៉ាងសន្សំលុយ ដើម្បីចាប់យកការសិក្សារហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយនៅកម្ពុជា។ យុវជនតាំង មានរិទ្ធ ទើបនឹងទទួលសញ្ញាបត្រ សមិទ្ធផលកើតចេញពីការប្រឹងប្រែងរបស់គេកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ។
ការទទួលបានសញ្ញាបត្រ ជារឿងដ៏សែនរីករាយ និងអាចចាត់ទុកជំហ៊ានជោគជ័យមួយសម្រាប់យុវជន តាំង មានរិទ្ធ។ តែនៅពីក្រោយភាពរីករាយ និងជោគជ័យ គឺមានរឿងដ៏សែនកម្សត់ជាច្រើនសម្រាប់ជីវិតយុវជនដ៏ក្រីក្រមកពីដែនដីជនបទរូបនេះ។
ដើម្បីបានជ្រាបពីខ្សែជីវិត ដ៏សែនកម្សត់ និងវេទនារបស់យុវជនពោរពេញដោយការតស៊ូ តាំង មានរិទ្ធ នៅដើមខែកុម្ភៈនេះ អ្នកព័ត៌មានអង្គភាពព័ត៌មាន Fresh News បានធ្វើដំណើរចុះទៅដល់ផ្ទះកំណើតរបស់គេ។ ពេលបានទៅដល់ផ្ទះរបស់យុវជន តាំង មានរិទ្ធ ដែលស្ថិតនៅក្នុងដីឡូតិ៍មួយកន្លែងស្ថិតក្នុងភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានធ្វើឲ្យយើងមានការភ្ញាក់ផ្អើលខ្លាំង ជាមួយស្ថានភាពជីវភាពរបស់ក្រុមគ្រួសារយុវជន តាំង មានរិទ្ធ។
ក្នុងដីឡូតិ៍នោះគេឃើញមានខ្ទមពីរតូចៗសង់ជាប់នឹងដី និងស្រ្តីពិការមួយរូបកំពុងសម្រាន្តនៅលើអង្រឹងមិនអាចកម្រើក បាននោះឡើយក្នុងបរិយាកាស ដែលសែនស្ងប់ស្ងាត់។ ខ្ទមទាំងពីរនោះហើយ ជាជម្រកបាំងភ្លៀងបាំងខ្យល់របស់ក្រុមគ្រួសារយុវជន តាំង មានរិទ្ធ។ តាមរយៈស្ថានភាពលំនៅឋានអាចធ្វើឲ្យគេស្មានដឹងអំពីកម្រិតជីវភាពក្រុមគ្រួសារយុវជនរូបនេះថា មានសភាពយ៉ាប់យ៉ឺនយ៉ាងណា។
តាមរយៈការសាកសួរបើកកកាយពីជីវិតពិតរបស់គេនោះ យុវជន តាំង មានរិទ្ធ បានឲ្យដឹងថា បច្ចុប្បន្នរូបគេមានអាយុ ២៩ឆ្នាំ មានបងប្អូន ៨នាក់ រូបគេជាកូនទី៥ មានម្តាយឈ្មោះ គុយ ហឹម អាយុ ៥៧ឆ្នាំ និងមានឪពុកឈ្មោះ កុល តាំងយិន អាយុ ៦១ឆ្នាំ។ តាំង មានរិទ្ធ បានឲ្យដឹងថា កាលដើមឡើយក្រុមគ្រួសាររបស់ពួកគេមានជីវភាពអាចហៅបានថា សមរម្យដូចប្រជាពលរដ្ឋទូទៅនៅក្នុងភូមិ មានដីសម្រាប់ធ្វើស្រែធ្វើចំការ និង មានគោក្របីសម្រាប់ប្រាស់ដូចប្រជាពលរដ្ឋទូទៅ។
ជាអកុសលនៅអំឡុងពេល តាំង មានរិទ្ធ រៀនថ្នាក់ទី៦ ជីវភាពគ្រួសារក៏ត្រូវបានប្រែប្រួល បន្ទាប់ពីម្តាយរបស់ធ្លាក់ខ្លួនពិការ ដោយសារទាស់សរសៃពេលត្រូវទឹកភ្លៀងក្រោយពេលឆ្លងទន្លេកូនចុងក្រោយ។ តាំង មានរិទ្ធ បានរៀបរាប់ទាំងទឹកភ្នែកហូររហាមថា ព្រោះតែចង់ព្យាបាលក្រុមគ្រួសារបានលក់ដីស្រែ គោក្របី ដែលមានរហូតដល់អស់ពីខ្លួន។
ក្រោយគ្រួសារធ្លាក់ក្នុងជីវភាពយ៉ាប់យ៉ឺនបងៗរបស់ តាំង មានរិទ្ធ បានសម្រេចបោះបង់ការសិក្សា ទៅស្វែងរកការងារធ្វើ ដើម្បីផ្គត់ផ្គង់គ្រួសារ។ ជាមួយនឹងតំណក់ទឹកភ្នែក ដែលរមៀលធ្លាក់ឥតដាច់ពេលរៀបរាប់ពីទុក្ខលំបាកក្នុងគ្រួសារ និង ជីវិតសិក្សានោះ យុវជន តាំង មានរិទ្ធ បានរៀបរាប់ថា រូបគេបានដើរស៊ីឈ្នួលរកប្រាក់មកបំពេញការសិក្សា និងជួយគ្រួសារតាំងពីរៀនថ្នាក់ទី៦មកម្ល៉េះ។ ពោលពេលសម្រាកពី ការសិក្សាពួកគេតែងស្វែងរកការងារធ្វើ ដោយពេលខ្លះស៊ីឈ្នួលធ្វើសំណង់ ដកស្ទូង ច្រូតកាត់ស្រូវ និង ពេលខ្លះលាងរថយន្តនៅតាមព្រំដែនថៃក៏មាន។
យុវជន ដែលពោរពេញដោយការតស៊ូរូបនេះ បានបញ្ជាក់ដូច្នេះ «នៅពេលម្តាយខ្ញុំចាប់ផ្តើមឈឺ អ៊ីចឹងទាំងដីស្រែ ទាំងគោក្របី ត្រូវបានលក់អស់ ដើម្បីព្យាបាលគាត់។ អំឡុងពេលនោះ ខ្ញុំរៀននៅបឋមសិក្សា នៅពេលដែលម្តាយខ្ញុំធ្លាក់ខ្លួនឈឺគ្រប់យ៉ាង គឺខ្ញុំត្រូវដើរធ្វើការឲ្យគេ ដូចជាធ្វើការសំណង់ ទៅច្រូតកាត់ ដកស្ទូង ក្រៅពីនឹងទៅលាងឡានឲ្យគេនៅទល់ដែនថៃ។ មែនទែនទៅខ្ញុំមិនដែលនិយាយរឿងទុកលំបាកឲ្យម៉ែគាត់ដឹងទេ ពីព្រោះខ្លាចគាត់បារម្ភ»។
មានរិទ្ធ បន្តថា «ទោះពេលខ្ញុំទៅដល់ណា ក៏ខ្ញុំនៅតែគិតការរៀន។ ពេលខ្ញុំចប់ថ្នាក់ទី៦ ខ្ញុំចូលទី៧ គឺត្រូវឆ្លងភូមិទៅរៀននៅភូមិគេ។ ពេលនោះគ្រួសារធ្លាក់ខ្លួនក្រម៉ែនទែន បងៗឈប់រៀនអស់ហើយសល់តែខ្ញុំ អ៊ីចឹងគាត់ផ្តាំថា កូនឯងត្រូវតែខំរៀន បើមិនរៀនទេគ្រួសារយើងនៅតែអ៊ីចឹង។ អ៊ីចឹងខ្ញុំមានទឹកចិត្តមួយត្រូវតែខំរៀន ទោះបីឧបសគ្គខ្ញុំត្រូវទៅធ្វើជាកូនចៅគេ ពេលខ្លះអត់បាយអត់ទឹក គឺដើម្បីរកលុយជួយម៉ែ និងខ្លះយកទៅរៀនរហូតដល់បន្តចប់ថ្នាក់ទី១២»។
យុវជន មានរិទ្ធ បានរំលឹកថា ក្រោយពេលបានប្រឡងជាប់ធម្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបនោះ រូបគេគ្មានសង្ឃឹមបានបន្តការ សិក្សានៅមហាវិទ្យាល័យ ហើយក៏បានបន្តទៅធ្វើការងារនៅខេត្តសៀមរាប ដោយធ្វើជាអ្នករត់តុតាមភោជនីយដ្ឋាននៅពេលថ្ងៃ និងរត់តុ នៅតាមក្លិបក្នុងពេលរាត្រី។
ជាសំណាងល្អក្រោយពេលបញ្ចប់បាក់ឌុប ហើយមិនដឹងថា ត្រូវបន្តការសិក្សាថ្នាក់បរិញ្ញាបត្រយ៉ាងណានោះ ក៏មានក្រុមសិក្សានៃមជ្ឈមណ្ឌលសិក្សាអប់រំយុវជន និងព្រះពុទ្ធសាសនា ដែលមានលោកព្រឹទ្ធាចារ្យបញ្ឌិត កុល ផេង ជាប្រធាន បានចូលដល់ស្រុករបស់ តាំង មានរិទ្ធ ហើយតាមរយៈមជ្ឈមណ្ឌលនោះ ក៏មានការផ្តល់អាហារូបករណ៍ផងដែរ។ ទីបំផុត តាំង មានរិទ្ធ ក៏បានជាប់អាហារូបករណ៍សិក្សាជាមួយ សាកលវិទ្យាល័យបញ្ញាសាស្រ្ត ក្នុងចំណោមសិស្សជ័យលាភី ៥រូប បន្ទាប់ពីបានប្រកួតប្រជែងជាមួយបេក្ខជន បេក្ខនារីប្រមាណ ៤ពាន់នាក់។
ថ្វីត្បិតបានទទួលបានអាហារូបករណ៍មានកន្លែងរៀន និងកន្លែងស្នាក់នៅ តែថវិកាសម្រាប់ចាយវាយក្នុងការសិក្សាយុវជន តាំង មានរិទ្ធ មិនមាននោះឡើយ ជាហេតុជំរុញឲ្យយុវជនស្រឡាញ់ការសិក្សារូបនេះ បន្តធ្វើការតាមភោជនីយដ្ឋាន ដើម្បីបានថវិកាសិក្សាបន្ត។
មានយុវជនខ្មែរជាច្រើន ដែលជួបការលំបាកក្នុងជីវភាពមិនអាចតស៊ូបញ្ចប់ការសិក្សាបាននោះឡើយ។ ចុះយុវជន តាំង មានរិទ្ធ ដែលជីវិតពោរពេញដោយការលំបាកវេទនា ហេតុអ្វី ក៏នៅតែខំប្រឹងប្រែងតស៊ូជម្នះរហូតបញ្ចប់ការសិក្សាបែបនេះ?
ឆ្លើយនិងសំណួរនេះ មានរិទ្ធ បានគូសបញ្ជាក់ថា រូបគេក៏ស្ទើរតែបោះបង់ការសិក្សាម្តងម្កាល់ផងដែរ នៅពេលជួបការលំបាកម្តងៗ តែដោយសារតែពាក្យដាស់តឿនរបស់ម្តាយពិការ និងការនឹកគិតថា ក្នុងនាមជាកូនអ្នកក្រគ្មានអ្វីអាចជួយជីវិតឲ្យបានប្រសើរក្រៅពីការសិក្សានោះ ទើបធ្វើឲ្យរូបគេមានកម្លាំងចិត្តប្រឹងប្រែងចាប់យកការរៀនសូត្របន្ត។
តាំង មានរិទ្ធ បញ្ជាក់ដូច្នេះ «ម៉ែនទែនទៅ! ឧបសគ្គមាន ពេលខ្លះសឹងបោះបង់ចោលពេលមានឧបសគ្គហ្នឹង ប៉ុន្តែនៅតែនឹកឃើញមួយថា ដើម្បីកែប្រែជីវភាពគ្រួសារ ដើម្បីឲ្យម៉ែមានក្តីសុខ ដើម្បីឲ្យម៉ែសប្បាយចិត្ត គឺមានតែការរៀនសូត្រមួយទេ ដែលអាចកែប្រែបាន អាចលើកតម្កើងកិត្តិយសគ្រួសារនៅក្នុងស្រុកភូមិនេះ បើគេដឹងថា ខ្ញុំចប់បរិញ្ញាបត្រ រៀនបានខ្ពង់ខ្ពស់ គឺមានមោទនភាពមិនត្រឹមតែខ្ញុំទេ គ្រួសារខ្ញុំ ក៏មានមោទនភាព។ មួយទៀត ខ្ញុំខំជម្នះខ្លួនឯងឲ្យបាន ពីព្រោះខ្ញុំគិតថា បើខ្ញុំមិនរៀនទេ ខ្ញុំទៅធ្វើការឲ្យគេ ជាកូនចៅឲ្យគេ ជាកូនចៅគេ គឺអត់មានការកែប្រែទេ ថ្មើនេះបើសិនជាខ្ញុំមិនខំតស៊ូរៀន ខ្ញុំកំពុងលាងឡានឲ្យគេ ខ្ញុំកំពុងរត់តុឲ្យគេ។ ប៉ុន្តែពេលនេះ ខ្ញុំអាចកែប្រែជីវិតរបស់ខ្ញុំ ពីអ្នកលាងឡាន ពីអ្នករត់តុ ពីកម្មករសំណង់ ដែលគេធ្លាប់តែថាឲ្យ ឥឡូវក្លាយជាយុវជនមួយ ជនគំរូមួយសម្រាប់យុវជនខ្មែររបស់យើង»។
បើទោះបីជាការសិក្សាជួបការលំបាកយ៉ាងណាក្តីយុវជន តាំង មានរិទ្ធ មិនដែលទម្លាយពីទុក្ខលំបាករបស់ខ្លួនឲ្យមិត្តភក្តិ ក៏ដូចជាមនុស្ស នៅជុំវិញខ្លួនបានដឹងនោះឡើយ។ ទើបថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះ បន្ទាប់ពីទទួលបានសញ្ញាបត្រហើយ តាំង មានរិទ្ធ បានឱបសញ្ញាបត្រទៅប្រគល់ជូនម្តាយពិការនៅផ្ទះ និងក្រាបសំពះអរគុណម្តាយ ហើយបានថតរូបប៉ុន្មានសន្លឹកបង្ហោះតាមបណ្តាញសង្គម Facebook បានធ្វើឲ្យមិត្តភក្តិ សាស្រ្តាចារ្យ រួមទាំងព្រឹទ្ធាចារ្យ កុល ផេង សាកលវិទ្យាធិការសាកលវិទ្យាល័យបញ្ញាសាស្រ្តផង ដែរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្ញាក់ផ្អើលដោយសារបានដឹងពីទុក្ខលំបាក និងស្ថានភាពពិត នៃជីវិតគ្រួសាររបស់យុវជន មានរិទ្ធ។
កាយវិការយកសញ្ញាបត្រជូនម្តាយ និងក្រាបសំពះម្តាយរបស់ មានរិទ្ធ ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម Facebook កោតស្ញប់ស្ញែង ចំពោះកាយវិការប្រកបដោយធម៌កតញ្ញូរបស់គេផងដែរ។
ពេលសួរថា ហេតុអ្វីបានជាពេលទទួលបានសញ្ញាបត្រហើយ យកទៅប្រគល់ជូនម្តាយបែបនេះ យុវជនមានរិទ្ធ បានបញ្ជាក់ដូច្នេះ «នេះគឺជារឿងមួយ ដែលម្តាយខ្ញុំគាត់រង់ចាំអស់រយៈពេលជាច្រើនឆ្នាំ គាត់ថាកូនឯងពេលណាចប់។ នៅពេលខ្ញុំដឹងដំណឹងថា ខ្ញុំត្រូវទទួលសញ្ញាបត្រនៅថ្ងៃទី២២ ខែមករា ២០១៧ ខ្ញុំផ្តល់ដំណឹងឲ្យគាត់ភ្លាមៗ ថា ម៉ែកូនចប់សញ្ញាបត្រហើយ ចង់ឲ្យម៉ែមកចូលរួមអបអរកូននៅទីក្រុងភ្នំពេញ។ លើកដំបូងម៉ែថា គាត់អៀនអត់ហ៊ានទៅទេ តែដោយសារឃើញការខិតខំប្រឹងប្រែងរបស់កូន គាត់ថា ម៉ែទៅ។ ប៉ុន្តែទីបំផុតខ្ញុំរកលុយអត់បាន ដាច់លុយអត់មានលុយឲ្យគាត់ទៅចូលរួមនៅទីក្រុងភ្នំពេញ ទើបពេលបានសញ្ញាបត្រភ្លាម អ្នកទី១ ដែលចង់ប្រាប់ គឺម៉ែ ចង់ឲ្យម៉ែអបអរ តែទីបំផុតគាត់នៅក្នុងឱកាសនោះទេ។ ខ្ញុំក៏សម្រេចចិត្តកាន់សញ្ញាបត្រ និងឯកសណ្ឋានរបស់សាលាយកមកឲ្យគាត់ ឲ្យគាត់បានឃើញថា នេះជាលទ្ធផល នៃការប្រឹងរៀនរបស់កូនប៉ុន្មានឆ្នាំ»។
បើទោះបីតស៊ូរហូតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រទៅហើយក្តី តែបំណងសិក្សារបស់ តាំង មានរិទ្ធ មិនទាន់បញ្ចប់នៅឡើយទេ។ បច្ចុប្បន្នយុវជន តាំង មានរិទ្ធ មានបំណងដាក់អាហារូបករណ៍យកការសិក្សាថ្នាក់អនុបណ្ឌិតនៅក្រៅប្រទេសបន្ថែមទៀត។ មានរិទ្ធ ក៏នៅមានក្តីស្រម៉ៃធំមួយទៀត គឺការប្រឹងប្រែងនាំយកក្តីសុខ និងក្តីរីករាយជូនម្តាយរបស់គេ ហើយនិងចង់សង់ផ្ទះសមរម្យមួយជូនម្តាយរបស់គេ។
យុវជន ដែលកំពុងត្រូវបានគេប្រសិទ្ធនាមជានិមិត្តរូបនៃការតស៊ូសម្រាប់ការសិក្សា តាំង មានរិទ្ធ ក៏មានពាក្យពេចន៍មួយចំនួនផ្ញើទៅដល់ យុវជនផងដែរ។ យុវជន តាំង មានរិទ្ធ បានលើកទឹកចិត្តដល់យុវជនខ្មែរទាំងអស់ត្រូវប្រឹងប្រែងតស៊ូ និងជម្នះរាល់ឧបសគ្គ ដើម្បីចាប់យក ចំណេះវិជ្ជា។ មានរិទ្ធ ផ្តាំថា មានតែចំណេះវិជ្ជាប៉ុណ្ណោះ អាចកែប្រែជីវិតឲ្យឆ្ពោះទៅរកអនាគតមួយល្អប្រសើរ។
មានរិទ្ធ បានផ្តាំផ្ញើទៅយុវជនយ៉ាងដូច្នេះ «ម៉ែនទែនទៅនៅពេលដែលខ្ញុំឈានមកដល់ដំណាក់កាលនេះ មនុស្សគ្រប់គ្នាគេចាត់ទុកខ្ញុំជាមនុស្សគំរូ សម្រាប់យុវជន សម្រាប់ក្មេងៗជំនាន់ក្រោយ។ វាជាការពិតក្មេងៗមួយចំនួនគាត់អត់ដឹងទេថា តើការតស៊ូហ្នឹងយ៉ាងម៉េច ពេលទៅរៀនគាត់ថា ហ្អឺរៀនទៅ ចប់ទៅធ្វើស្រែដដែល រៀនទៅចប់ទៅធ្វើជាកម្មករគេដដែលមិនដឹងជាទៅណាទៅទៀត។ អ៊ីចឹងវាធ្វើឲ្យការតស៊ូរបស់គាត់ ការសិក្សារបស់គាត់ធ្លាក់ចុះ ឆន្ទៈនៃការតស៊ូប្រឹងរៀនហ្នឹងគឺធ្លាក់ចុះ។ មួយវិញទៀតខ្ញុំមានសារផ្ញើជូនទៅ ដល់យុវជនជំនាន់ក្រោយ ឬក៏ប្អូនៗជំនាន់ក្រោយឲ្យតស៊ូរៀនសូត្រ នៅក្នុងឆន្ទៈរបស់ខ្ញុំ ខ្ញុំគិតថា មានតែការរៀនសូត្រមួយទេ ដែលធ្វើឲ្យយើងអាចកែប្រែអ្វីៗគ្រប់បែបយ៉ាង អាចកែប្រែអ្វីៗ ដែលយើងចង់បាន»៕