(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងទៅកាន់ប្រជាពលរដ្ឋ ដែលរស់នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកបារាយណ៍ ថាសូមបញ្ឈប់សកម្មភាពកាប់ទន្ទ្រានដីព្រៃ បន្ដទៀត។
ថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងឱកាសដោយ រួមដំណើរជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ រួមមាន លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក យិន ងួនកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧត្តុនិយម បានដឹកនាំក្រុមការងារចុះជួបប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាមួយចំនួនក្នុងភូមិខាងលើនេះ។
ក្រោយពីបានពិនិត្យរួចរាល់ ក្រុមការងារបានណែនាំ ដល់ប្រជាពលរដ្ឋទំាងអស់ ឲ្យបោះបង្គោលព្រំដី ដែលបានអាស្រ័យផលជាក់ស្តែង ដើម្បីក្រុមការងារងាយស្រួលក្នុងការចុច GPS ត្រង់ចំណុចគោលដៅបានឆាប់រហ័ស ហើយហាមមិនឲ្យប្រជាពលរដ្ឋទៅកាប់ទន្ទ្រានយកដីព្រៃថ្មីទៀតទេ ហើយចំពោះដីដែលត្រូវចែកជូន គឺមានសាលកប័ត្រត្រឹមត្រូវ អាចអាស្រ័យផលបាន តកូន តចៅ តែមិនមានប្លង់កម្មសិទ្ធិទេ។
បន្ថែមពីនេះ ក្រុមការងារ បានឲ្យអាជ្ញាធរចុះស្រង់ស្ថិតិប្រជាពលរដ្ឋ នៅក្នុងភូមិឲ្យបានច្បាស់លាស់ ហើយបានបន្តដំណើរទៅត្រួតពិនិត្យដីនៅតំបន់ទួលមុំ តំបន់៣មុំ និងតំបន់បាត់អណ្តើកបន្តទៀត និងបានជូនថវិកាដល់ក្រុមគ្រួសារ៣ ដែលរងដោយគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ចំនួន ១០០ដុល្លារ ក្នុងមួយគ្រួសារ។
ជាមួយគា្ននោះដែរ ក្រុមការងារបានបន្តចុះត្រួតពិនិត្យដីដាំកូនឈើ នៅឃុំក្រយា ស្រុកសន្ទុក និងដីវាលក្រោមនៅក្នុងឃុំកកោះ ឃុំជ្រាប់ ឃុំព្នៅ និងឃុំតាំងក្រសាំង ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ផងដែរ៕