(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះសម្របសម្រួល និងដោះស្រាយបញ្ចប់ដោយជោគជ័យ លើករណីបើកច្រកចេញចូលមួយកន្លែង ទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ១២គ្រួសារ ដែលមានទំហំ ១,៥ម៉ែត្រ គុណ២៥,៣០ម៉ែត្រ មានទីតាំងស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានជំរាបទៅដល់ប្រជាពលរដ្ឋទាំង១២គ្រួសារ និងម្ចាស់ដីដែលរងការប៉ះពាល់ នៃការបើកច្រកចេញចូលនោះ ឲ្យដឹងថា «លុយ និងទ្រព្យសម្បត្តិ យើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាព ជាពិសេសអ្នកភូមិផងរបងជាមួយ គឺមានជារៀងរហូត មិនអាចកាត់ដាច់បានទេ នៅពេលណាដែលយើងមានបញ្ហាអ្វីយើងអាចជួយគ្នាបាន»។
សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុត របស់លោក ម៉ៅ ធនិន បានធ្វើឲ្យម្ចាស់ដីដែលរងការប៉ះពាល់ ពេញចិត្តទទួលថវិកាមួយចំនួន ពីលោកក្នុងនាមជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងបានបើកច្រកចេញចូល ដែលមានទំហំ ១,៥ម៉ែត្រ គុណ២៥,៣០ម៉ែត្រ ដើម្បីបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ។
ជាមួយគ្នានោះ តំណាងប្រជាពលរដ្ឋទាំង១២គ្រួសារ និងម្ចាស់ដីដែលរងការប៉ះពាល់ បានថ្លែងអំណរគុណ ចំពោះលោក ម៉ៅ ធនិន ដែលមានចំណាត់ការល្អ ក្នុងការដោះស្រាយបើកច្រក សម្រាប់ឲ្យប្រជាពលរដ្ឋចេញចូលបានស្រួល ហើយនេះជាទង្វើដ៏ល្អប្រពៃ ដែលខេត្តពោធិ៍សាត់ មានថ្នាក់ដឹកនាំម្នាក់ ធ្វើឲ្យពួកគេទាំងអស់គ្នា កាន់តែមានទំនុកចិត្តគោរពស្រលាញ់។
គួរបញ្ជាក់ថា ករណីទំនាស់បើកច្រកចេញចូលមួយកន្លែងខាងលើនេះ គឺកើតមានជាង១០ឆ្នាំមកហើយ រហូតឡើងដល់តុលាការកំពូល ខណៈដែលមានការប្តឹងតវ៉ាទាមទៀមជាមួយឈ្មោះ ហេង ទូច ជាម្ចាស់ដីដែលរងការប៉ះពាល់ នៃការបើកច្រកចេញចូលនោះ៕